ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចូលដេកភ្លេចបិទទ្វារផ្ទះទុកឱកាសឲ្យចោរចូលលួចកាបូបលុយយកអស់ជាង៣០០០ដុល្លារ

ភ្នំពេញៈ ផ្តើមចេញពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះចូលដេកភ្លេចបិទទ្វារជាឱកាសរបស់ជនសង្គមងងិតចូលលួចកាបូបមានលុយជាង៤០០០ដុល្លារនិងIPad ១គ្រឿងបានសម្រេចតែគេចមិនរួច ២ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបានតាមរយៈIPad របស់ជនរងគ្រោះជាប់កម្មវិធីiCloud ចំណែកលុយជាង៤០០០ដុល្លារនៅក្នុងកាបូបត្រូវជនសង្ស័យចាយវាយអស់ជាង៣០០០ដុល្លារ នៅសល់តែជាង៥០០ដុល្លារប៉ុណ្ណោះ ។

ករណីចាប់ខ្លួនមុខសញ្ញាលួចកាបូបលុយនិងIPad នេះបានធ្វើឡើងនៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ក្នុងការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានកាបូបស្ពាយពណ៌ស្លែ០១, លុយដុល្លារ ៥៨៦ដុល្លារ, លុយខ្មែរ ១៣៥០០០រៀល, កាតធនាគារ០៣សន្លឹក ចំណែកលុយជាង៣០០០ដុល្លារទៀតត្រូវជនសង្ស័យផឹកស៉ីនិងលេងល្បែងអស់ហើយ ។

ជនសង្ស័យមានឈ្មោះ ផា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះប៊ិន ដាលីន ភេទ ស្រី អាយុ២៦ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីនគរបាលព្រហ្មខណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ នាំគ្នាផឹកសុី នៅក្នុងផ្ទះរបស់ខ្លួន រួចក៏នាំគ្នាចូលទៅដេក ដោយពុំបានចាក់សោរទ្វារផ្ទះទេ រហូតដល់ម៉ោង០១និង៣០នាទី ឈានចូលថ្ងៃទី ១៦-០២-២០១៨ ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលឡើងតាមកាំជណ្តើរទៅលើផ្ទះ លួចយក iPad ពណ៌ស ០១គ្រឿង និងកាបូបស្ពាយរបស់ ជនរងគ្រោះពណ៌ស្លែមួយ ក្នុងកាបូបមាន ៖ លុយដុល្លារ ៤៥០០ដុល្លារ, លុយខ្មែរ ៣០មុឺនរៀល, ចិញ្ចៀនដាំពេជ្រ ១វង់តម្លៃ ១៥០០ដុល្លារ, ខ្សែដៃផ្លាទីន១ខ្សែ និងកាតធនាគារ០៣សន្លឹក រួចគេចខ្លួនយក iPad ទៅដូរជាមួយទូរស័ព្ទដៃ០១ គ្រឿង ម៉ាកសាមសុង ពណ៌ស នៅផ្ទះលក់ទូរស័ព្ទ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដល់ថ្ងៃទី ១៨-០២-២០១៨ ម៉ោង១១និង៣០នាទី ជនរងគ្រោះ និងក្រុមគ្រួសារបានស្រាវជ្រាវរកឃើញ iPad របស់ខ្លួនព្រោះiPadជាប់ កម្មវិធីiCloud ។

ពេលស្រាវជ្រាវរកឃើញម្ចាស់ iPad ក៏ទៅលោះយកមកវិញ ក្នុងតម្លៃ៨០ដុល្លារ រួចឲ្យអ្នកលក់ទូរស័ព្ទជួយឆែកកាមេរ៉ាសុវត្ថិភាពមើលមុខ ចោរយក iPadទៅដូរយកទូរស័ព្ទ ។ តាមរយៈការត្រួតពិនិត្យរកមុខសញ្ញានៅក្នុងកាម៉េរ៉ាសុវត្ថិភាពររួចមក ជនសង្ស័យត្រូវជនរងគ្រោះស្គាល់មុខយ៉ាងច្បាស់ បន្ទាប់មករាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី និងដកហូតកាបូបស្ពាយពណ៌ស្លែ០១, លុយដុល្លារ ៥៨៦ដុល្លារ, លុយខ្មែរ ១៣៥០០០រៀល, កាតធនាគារ០៣សន្លឹក(ជារបស់ជនរងគ្រោះ) និងទូរស័ព្ទដៃម៉ាកខាងលើ ដែលជនសង្ស័យដូរជាមួយiPad រួចបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកលុយរបស់ជនរងគ្រោះ ៣៩១៤ដុល្លារ និងលុយ ខ្មែរ ១៦៥០០០រៀលទៀត ជនសង្ស័យយកទៅលេងល្បែង និងសុីចាយអស់ ៕ សណ្តោស