ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះគេយប់ព្រលប់ ម្ចាស់គេទាន់ ឈ្លោះប្រតាយប្រតប់គ្នា ដណ្តើមបានពូថៅកាប់ម្ចាស់ផ្ទះរបួសធ្ងន់

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់លួចចូលផ្ទះគេយប់ព្រលប់ ម្ចាស់ផ្ទះតាមទាន់ក៏ឈ្លោះប្រតាយប្រតប់គ្នា រហូតជនសង្ស័យដណ្ដើមពូថៅបានកាប់បុរសជាម្ចាស់ផ្ទះ បណ្ដាលឲ្យទទួលរងរបួសធ្ងន់ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ឈន ឈី ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រីជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ កុយ ថេប ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរទិញអេតចាយ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិចុងកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានពូថៅ មានដងប្រវែង០,៥០ម៉ែត្រ និងផ្លែប្រវែង០,១៣ម៉ែត្រ ចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ២១យប់ ជនរងគ្រោះបានឡើងទៅខាងលើផ្ទះ ហើយបានឭសំឡេងឆ្កែរបស់ខ្លួនព្រុះ ដោយមានការសង្ស័យក៏ចុះពីលើផ្ទះចុចពិលរកមើល ស្រាប់តែប្រទះឃើញជនសង្ស័យពួនសំងំនៅក្រោមគ្រែខាងក្រោមផ្ទះ ខណៈនោះជនរងគ្រោះដើរសំដៅទៅមើលមុខជនសង្ស័យ តែត្រូវបានជនសង្ស័យយកវត្ថុរឹងគុបមកលើជនរងគ្រោះ តែជនរងគ្រោះគេចផុត បន្ទាប់មកជនសង្ស័យក៏បានរត់ចេញពីក្រោមគ្រែបម្រុងគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានយកពូថៅរបស់ខ្លួនដេញតាមទាន់ ហើយបានវាយប្រតាយប្រតប់គ្នា ធ្វើឲ្យជនរងគ្រោះដួល ភ្លាមនោះនោះជនសង្ស័យក៏ដណ្ដើមពូថៅបាន ពីជនរងគ្រោះ រួចវាយក្បាលចំក្បាលជនរងគ្រោះ បណ្ដាលអោយបែកក្បាលទទួលរងរបួសយ៉ាងដំណំ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកជនសង្ស័យត្រូវបានជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។

ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានករណីខាងលើភ្លាម ក៏ចុះមកកន្លែងកើតហេតុ រួចចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ