ព័ត៌មានទាន់ហេតុការណ៍៖

ចូលយកម៉ូតូមិត្តភក្តិទៅបញ្ចាំលេងល្បែង ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ប៉ោយប៉ែត៖ បុរសម្នាក់យកម៉ូតូមិត្តភក្តិទៅបញ្ចាំយកប្រាក់ចូលលេងល្បែងក្នុងកាស៊ីណូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨ ចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យមានឈ្មោះ រុំ សារ៉េត ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។

នៅក្នុងប្រតិបត្តការខាងលើនោះ ដឹកនាំបញ្ជាដោយលោកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ។

យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះប្រាប់ភិនភាគលក្ខណ:សម្គាល់ កម្លាំងសន្តិសុខកាសីុណូបានប្រទះឃើញជនសង្ស័យខាងលើកំពុងដើរនៅកែងកាសីុណូ១៨ជាន់ ក៏ហៅសួរ ហើយនិងដឹកជនសង្ស័យខាងលើមកឲ្យអង្គុយដើម្បីសួរនាំ ស្រាប់តែជនសង្ស័យរត់បង្កភ្ញាក់ផ្អើលពេលនោះ កម្លាំងសន្តិសុខដេញ តាមចាប់បានមកវិញ ប្រគល់ជូនកម្លាំងសមត្ថកិច្ច យកមកសួរនាំតែម្ដង ។

ក្រោយមក កម្លាំងបានយកមកអធិការដ្ឋាននគរបាលក្រុង សាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពចូលលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ លេខតួលេខម៉ាសីុន៩៤១៨៦៨២ ពាក់ស្លាកលេខ ប.ជ១K-៦៧៧២ ជារបស់ឈ្មោះ ណាន ម៉េងសៀង ភេទប្រុស អាយុ ១៨ឆ្នាំ(ធ្លាប់ស្គាល់គ្នា) ចំណុចផ្ទះល្វែង ស្ថិតបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ហើយយកទៅដាក់បញ្ចាំនៅកាសីុណូអរគីដេ ជាមួយមនុស្សប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែល២៩ឆ្នាំ បានប្រាក់ចំនួន១០០០០បាត ហើយចូលទៅលេងល្បែងក្នុងកាសីុណូចាញ់អស់ ។

ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ វណ្ណា