ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នាយនគរបាល មន្ត្រីរាជការជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

សេចក្តីរាយការណ៍បញ្ជាក់ថា អគារសេនាធិការដ្ឋានមានទំហំបណ្តោយ ៥៦ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់៣ជាន់ ចំណាយថវិកាសរុបចំនួន ៥៤៨.០០០ដុល្លារ ក្នុងនោះលោក នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ។ តាមការសិក្សាលម្អិតរបស់វិស្វករបច្ចេកទេសជំនាញ ការសាងសង់នឹងត្រូវចំណាយរយៈពេលចំនួន ១៦ខែទើបរួចរាល់។

គួរបញ្ជាក់ថា ជាការតម្រង់ទិសរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថទាំង២៧ នៅគ្រប់រាជធានីខេត្ត និងសាលាកងរាជអាវុធហត្ថទាំង២ រួមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរនោះ នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់គ្នា ដោយរក្សាបទដ្ឋាន និងរចនាបថតែមួយ គឺដូចៗគ្នាទាំងអស់៕