ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីកន្លែងលក់មាន់មិត្តភក្តិត្រូវមនុស្សមួយក្រុមព្រួតវាយបែកមាត់ឃាត់បានម្នាក់

ភ្នំពេញ៖ យុវជន៣នាក់បានជិះម៉ូតូ៣គ្រឿង ចេញពីកន្លែងលក់មាន់មិត្តភក្តិបំណងជិះទៅផ្ទះ ស្រាប់តែមានរថយន្តហាយឡែនឌ័រថយចេញពីហាងមួយកន្លែង ហើយស្រែកជេរធ្វើឲ្យទាស់សំដីគ្នា តែភ្លាមនោះ ក៏សម្របសម្រួលគ្នាត្រូវហើយ បែរជាបក្ខពួកខាងរថយន្តមកវាយបណ្តាលឲ្យរបួសហើយគេចខ្លួនបាត់ តែឃាត់ខ្លួនបក្ខពួកបានម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើតនិងស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់មានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង ដែលទើប និងចេញពីកន្លែលក់មាន់បង្វឹកមិត្តភក្តិនៅផ្លូវ៦០ម៉ែត្រ បំណងទៅផ្ទះនៅភូមិត្នោតជ្រុំ២ សង្កាត់បឹកទៅទំពន់ ខណ្ឌមានជ័យ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿង ថយចេញពីហាងផឹកសុីមួយកន្លែង ដោយអ៊កស៊ើគ្នា តែមិនបានប៉ះទេ ។ ភ្លាមនោះម្ចាស់រថយន្តក៏ស្រែកជេរ មកពួកគាត់ ដោយលឺបែបនេះ ពួកគាត់ក៏បានឈប់ដើម្បីសួរនាំ ក្រោយមកក៏សម្រួលគ្នារួចរាល់ហើយ ទើបឡើងជិះម៉ូតូបន្តទៅផ្ទះទៀត ភ្លាមនោះ ស្រាប់តែមានបក្ខពួកខាងរថយន្តមានគ្នា៣នាក់ទៀត ក្នុងនោះមាននារីម្នាក់ជិះម៉ូតូ២គ្រឿង ដែលចេញពីកន្លែងផឹកសុីជាមួយគ្នា ក៏ស្ទុះមកវាយរូបគាត់បណ្តាលឲ្យរងរបួសបែកមាត់ ទើបបង្កការវាយតបគ្នាទៅវិញទៅមកតែម្តង ។

ក្រោយពីវាយតបគ្នារួចភាគីខាងបង្កបាននាំគ្នាបើឡាន និងជិះម៉ូតូចេញទៅបាត់ តែសំណាងល្អឃាត់បានបក្ខពួកនោះម្នាក់ដែលមានទាំងកូនកាំបិតទៀតផង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីដោះស្រាយ ។ នៅមុខសមត្ថកិច្ចភាគីជាបក្ខពួកជនបង្កបានចេញថ្លៃសំណងទៅលើជនរងគ្រោះចំនួន២០ម៉ឺនរៀលដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ