ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លឹបកម្សាន្តយីហោផ្លេ ត្រូវក្រុមចោរប្រើដុំថ្មវាយប្លន់ម៉ូតូបានសម្រេច ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៦នាក់

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈដែលពួកគេមានគ្នាប្រមាណជា១០នាក់ ធ្វើសកម្មភាពប្រើដុំថ្មវាយប្លន់ម៉ូតូមួយគ្រឿងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួន កាលពីថ្ងៃ ពុធ ៨កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង​៣និង១៥នាទីទាបភ្លឺ នៅចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវលេខ ២៧១ ក្រុមទី០៥ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន៦ នាក់នោះ ពាក់ព័ន្ធនឹង អំពើលួច មានស្ថានទម្ងន់ទោសដោយហិង្សា (យកដុំថ្មវាយយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥) ដោយទី​១-ឈ្មោះ ឃុត ភារម្យ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ កម្មករសំណង់ ។ ទី២-ឈ្មោះ គង់ ម៉េង ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១០៧ ផ្លូវលំ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ ជាងឡាន ។

ទី៣-ឈ្មោះ បាន ធៀនហ្វូ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិ កោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ទី៤-ឈ្មោះ លី ឌីណា ហៅ ហួរ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤២ ផ្លូវ លំ ភូមិ ចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ទី៥-ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៦២៤ ផ្លូវ លំ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ទី៦-ឈ្មោះ យឹម វាសនា ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ អូរអណ្តូងសង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ រត់តុការ ។ ចំណែកជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ 0R6 ផ្លូវ បេតុង ភូមិ ព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ យោធា ។ វត្ថុតាងចាប់យកបាន ៖ ម៉ូតូចំនួន ០៤ គ្រឿងរួមមាន ៖ ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GV 9242 (ជារបស់ជនរងគ្រោះ) ,ម៉ាកលេត ពណ៍សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GT 8765 ,ម៉ាក​ប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 1717 និង ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ សៀមរាប 1J 9264 និង ដុំឥដ្ឋការ៉ូឡាចំនួន០១ដុំ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព) ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង៣និង១៥នាទីទាបភ្លឺជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ និង ឈ្មោះ ចាន់ សេរីរ័ត្ន ព្រមទាំងមិត្តភក្កិ០៤នាក់ទៀត (មិនចាំឈ្មោះ) បានជិះម៉ូតូចំនួន០៣គ្រឿងចេញពីក្លឹបកំសាន្តផ្លេ នៅផ្លូវ២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ត្រឡប់មកផ្ទះវិញ ដោយជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GV 9242 ឌុបមិត្តភក្កិម្នាក់ទៀតមិនចាំឈ្មោះ ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យចំនួន ១០ នាក់ ៖ ឈ្មោះ ឃុត ភារម្យ , ឈ្មោះ គង់ ម៉េង , ឈ្មោះ បាន ធៀនហ្វូ , ឈ្មោះ លី ឌីណា ហៅ ហួរ , ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ , ឈ្មោះ ឆាង , ឈ្មោះ ផល្លា ហៅ ឡា និង បក្សពួក០៣នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូចំនួន ០៦ គ្រឿង (ម៉ាកសេ១២៥ ពណ៍ខ្មៅ ចំនួន​០៣ គ្រឿង , ម៉ាកប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ចំនួន ០២ គ្រឿង និង ម៉ាកលេត ពណ៍ខៀវ ចំនួន ០១គ្រឿង) បានធ្វើសកម្មភាពដេញវាយភាគីជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ រហូតមកដល់ចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវលេខ ២៧១ ក្រុមទី០៥ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ក្រុមជនសង្ស័យបានយកដុំថ្មវាយទៅលើជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ បណ្តាលឲ្យរបួសបែកលើចិញ្ចើមខាងឆ្វេង ដួលម៉ូតូទៅលើផ្លូវ ភ្លាមនោះជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា បានមកលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិ​ការដ្ឋាននគរបាលខណ្ឌចំការមន ដេញចាប់ជនសង្ស័យចំនួន០២នាក់ឈ្មោះ ឃុត ភារម្យ និង ឈ្មោះ គង់ ម៉េង នៅចំណុចមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ព្រមទាំងបានដកហូតម៉ូតូ០១គ្រឿង​ម៉ាកលេត ពណ៍សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GT 8765 យកមកធ្វើការសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ។

បន្ទាប់មកនៅវេលាម៉ោង០៩ម៉០០នាទីថ្ងៃទី២០-០៦-២០១៨ កម្លាំងនគរ​បាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ឈ្មោះ លី ឌីណា​ ហៅ ហួរ , ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និង ឈ្មោះ យឹម វាសនា ដែលកំពុងជិះម៉ូតូនៅចំណុចផ្លូវលំ សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ដោយបានដកហូតម៉ូតូចំនួន០២គ្រឿង ម៉ាកប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 1717 និង ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ សៀមរាប 1J 9264 ខណៈនោះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង០៤នាក់ឈ្មោះ លី ឌីណា​ ហៅ ហួរ , ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និង ឈ្មោះ យឹម វាសនា យកទៅចង្អុលបង្ហាញផ្ទះរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា នៅភូមិ កោះក្របី សង្កាត់ ព្រែកថ្មី ខ ណ្ឌ ច្បារអំពៅ ហើយបានដកហូតម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ពីឈ្មោះ ស្វាយ លាភ (ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា ដែលជិះយកមកលាក់ទុកក្នុងផ្ទះ) រួចក៏បានបញ្ជូនជនសង្ស័យទាំង០៤នាក់ ឈ្មោះ លី ឌីណា​ ហៅ ហួរ , ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និង ឈ្មោះ យឹម វាសនា មកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចំណែកជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា​, ឈ្មោះ ឆាង និង បក្សពួក០៣នាក់ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង០៦នាក់ (មានឈ្មោះដូចខាងលើ) ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕ ស តារា