ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចេញពីផឹកសុីត្រូវជនសង្ស័យ៣នាក់តាមពីក្រោយបំណងវៃប្លន់យកម៉ូតូតែសមត្ថកិច្ចអន្តរាគមន៍ទាន់

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូស្កូបពីមួយគ្រឿង ចេញពីកន្លែងផឹកសុី ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងតាមមកពីក្រោយ បំណងវៃប្លន់យកម៉ូតូ តែត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតឃើញដេញអន្តរាគមន៍ទាន់ ធ្វើឲ្យជនសង្ស័យរត់បាតជើងសព្រាត ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែងខាងលិចស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែលឺសំឡេងស្រែកថាចោរៗ ទើបកម្លាំងចេញទៅអន្តរាគមន៍ ឃើញជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូចំនួន២គ្រឿង មិនមានស្លាកលេខ កំពុងធ្វើសកម្មភាពដេញវាយយុវជន២នាក់ ដែលជិះម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AU 7885 ពេលនោះ ជនសង្ស័យឃើញកម្លាំងសមត្ថកិច្ច ក៏នាំគ្នាជិះម៉ូតូបំបែកគ្នាគេចខ្លួនបាត់អស់ ។

ភ្លាមនោះយុវជនជាជនរងគ្រោះបានជិះម៉ូតូដេញស្ទាក់ម៉ូតូកម្លាំងនគរបាលម្នាក់ទៀត ហើយស្រែកថា ចោរៗទៀតផង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងក្រុមសារព័ត៌មានចុះទៅចំណុចកើតហេតុ តែយុវជនខាងលើបានសារភាពថាស្រែកច្រឡំ ។

ក្រោយកើតហេតុជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងហើយសមត្ថកិច្ចក៏ឲ្យទៅផ្ទះវិញ ៕ សុខាសែនជ័យ