ព័ត៌មានទាន់ហេតុការណ៍៖

ចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៦៤គ្រួសារនៅសង្កាត់ក្បាលកោះ

ភ្នំពេញៈ អំណោយរួមមានជាគ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ នាំយកទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ លិចផ្ទះចំនួន៦៤គ្រួសារ មានទីលំនៅ ប្របមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សកម្មភាពមនុស្សធម៌ជិះទូក លុយទឹក យកអំណោយចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានរងគ្រោះ ដោយទឹកជំនន់នេះធ្វើឡើងនៅព្រឹកថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយអភិបាលរងខណ្ឌ២រូប រួមមានលោករស់ សុភក្តិ និងលោកស្រីឯក យ៉ានី បានដឹកអំណោយតាមទូក យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុង១គ្រួសារៗ ទទួលបានអង្ករ១បាវ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងថវិកា២ម៉ឺនរៀល ។

សកម្មភាពមនុស្សធម៌នេះដែរ លោករស់ សុភក្តិ អភិបាលរងខណ្ឌបានជួបសំណេះសំណាល និងផ្តាំផ្ញើប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពកូនចៅនៅក្នុងផ្ទះ បង្កា កុំឲ្យកើតមានករណីលង់ទឹក ការពារសត្វអសិរពិសផ្សេងៗខ្លាចក្រែងចូលមកសម្ងំនៅក្នុងផ្ទះបង្កគ្រោះថ្នាក់ដល់សមាជិកនៅក្នុងក្រុមគ្រួសារ ។ លើសពីនេះទៀតត្រូវរស់នៅមានអនាម័យល្អ ទើបជៀសបានពីជំងឺដង្កាត់ផ្សេងៗ ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌបានផ្តាំផ្ញើបន្ថែមឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅដែលនៅតូចៗ បើមានសភាពខុសពីប្រក្រតីត្រូវបញ្ជូនកូនទៅមណ្ឌលខុសភាពដើម្បីពិនិត្យជំងឺ បង្កាខ្លាចក្រែងកើតជំងឺគ្រុនឈាម ៕ សណ្តោស