ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ឆ្លងខេត្ត៣នាក់ត្រូវនគរបាលចាប់ខ្លួន

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានអំពេីឆក់យកទូរសព្ទ័ដៃជនបរទេស មួយកើតឡើង នៅឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កដោយជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើ សកម្មភាពឆក់សម្ភារៈជនជាតិចិន៣នាក់ ដែលកំពុងដើរតាមផ្លូវ ហើយគេចខ្លួនបាត់។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទ័ណ្ឌ ស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនទៅខេត្តកំពត ភ្លាមៗ នោះ សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បានសហការជាមួយ នគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។

សមត្ថកិច្ចបានឲ្យនគរវត្តដឹងថាជនសង្ស័យ ៣នាក់៖ ១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ ២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ៣-ឈ្មោះប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទ ៩ គ្រឿង, ម៉ូតូ២គ្រឿង ១ ម៉ាក អិចសិចទ័រ ពណ៌ក្រហម (មធ្យោបាយធ្វើសកម្មភាព ) និង១គ្រឿងទៀត ម៉ាក ZOOMER X (មធ្យោបាយធ្វើសកម្មភាព )។

ករណីនេះ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

ចំណែកឯ ជនជាតិចិន ដែលជាម្ចាស់របស់ មិនបានមកដាក់ពាក្យបណ្ដឹងឡើយ។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ