ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់​ហាង​ Wring Cafe គេច​មិន​ផុត​ពី​គុក

ភ្នំពេញ​៖ លោក​ សេង​ ហ៊ាង​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ នេះ​ សម្រេច​ចោទប្រកាន់​ចោរប្លន់​ហាង​ Wring Cafe និង​អ្នក​ទទួល​ចោរកម្ម​ ជា​ផ្លូវការ​ហើយ​ ដែល​ពួកគេ​នឹង​មិន​អាច​គេច​ផុត​ពី​គុក​ឡើយ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ឈ្មោះ ហូ ម៉េងហ័ង ត្រូវ​បាន​ចោទប្រកាន់​ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់គ្រឿងញៀន និង​ ឈ្មោះ ម៉ាន អាស់ម៉ាត់ ត្រូវ​បាន​ចោទប្រកាន់​ពីបទទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្លីមួយ​ដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយស្រែកគំរាម​ឱ្យ​បុគ្គលិកនោះអង្គុយចុះ រួចស្រវាយកលុយបានចំនួន៤៨,៩០០រៀល​ទូរស័ព្ទដៃមួយ​គ្រឿងម៉ាកសាំសុង និងម៉ូតូមួយ​គ្រឿង ម៉ាក SH ។ បន្ទាប់មកជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ។

លុះស្អែកឡើងយកម៉ូតូ លក់​ឱ្យ​ឈ្មោះ​ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចនៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យបានតែម្ដង។

ក្រោយមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសាកសួរជនសង្ស័យ និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម ទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាព ប្លន់នៅខណ្ឌជ្រោយចង្វារ និងបានដកហូតម៉ូតូដែលប្លន់យកទៅប្រគល់ជូនម្ចាស់ដើមវិញ៕ ចេស្តា