ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមវាយយុវជនម្នាក់បម្រុងប្លន់ម៉ូតូ តែបានសមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ យុវជនរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មកឈប់ចិញ្ចើមផ្លូវបំណងនឹងចុះទៅទិញបាកាសញុំឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿងមក ដោយចុះពីម៉ូតូមកវាយទៅលើជនរងគ្រោះ បំណងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ចេញមុខជួយអន្តរាគមន៍ទាន់ពេលវេលា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ម្តុំរ៉ារថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខព្រៃវែង 1M-7604 បំណងជិះមកទិញបាកាស មិនទាន់បានចុះទិញផង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូ បិទពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AD-7802 (ស្លាកលេខមួរខ្ជៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ បំណងនឹងយកម៉ូតូ តែមិនបានសម្រេច ដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិល ក៏បានឃើញប្រតាយប្រតប់ធ្លាក់កាបូបលុយជនរងគ្រោះអស់ចំនួន៨០$ ដែលថៅកែទុកឲ្យអាប់លុយថ្លៃបន្ទប់ផ្ទះសំណាក់ ឃើញដូច្នេះ សមត្ថកិច្ចនោះបានដកកាំភ្លើង ហើយស្រែកថា ឈប់ឈប់ ស្រាប់តែជនសង្ស័យទាំង៣នាក់នោះ បានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់ និងអ្នកបិទគូទមួយម៉ូតូទៀត មិនចាំម៉ាកមានគ្នា៣នាក់ដែរនោះ បានជិះរត់ទៅជាមួយគ្នាផងដែរ សំណាងល្អ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្លៀកស៊ីវិលម្នាក់ជិះកាត់ឃើញ កុំអីត្រូវបាត់បង់ម៉ូតូមួយគ្រឿងទៀត ។

ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជមសង្ស័យនោះ យកទៅរក្សាទុកនៅប៉ុស្តិ៍សមត្ថកិច្ចហើយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវបន្តទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ