ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចរថយន្តខណៈម្ចាស់ចូលទៅលេងល្បែងនៅកាស៊ីណូសាន់ដេព្រែកចាកតែមិនបានសម្រេចត្រូវនគរបាល និងម្ចាស់ចាប់បាន

ខេត្តកំពត៖ ចោរជើងចាស់ម្នាក់ត្រូវបាន សមត្ថកិច្ចនិងក្រុមគ្រួសារម្ចាស់រថយន្ត ចាប់ខ្លួនបាន ខណៈដែលចោររូបនេះលួច រថយន្តបើកចេញពេល ដែលម្ចាស់ចូលទៅ លេងល្បែងក្នុងកាស៊ីណូសាន់ដេព្រែកចាក តែអំពើចោរកម្មនេះមិនបានសម្រេចទេ ដែលទំនងជាជនសង្ស័យភ័យពេកបានបើក រថយន្តក្រឡាប់បណ្តាលឲ្យរងរបួសធ្ងន់។

ករណីចោរលួចរថយន្តខាងលើនេះបាន កើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណកាស៊ីណូសាន់ដេព្រែកចាក ស្ថិតក្នុងឃុំ ឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយត្រូវបានសមត្ថកិច្ច និង ក្រុមគ្រួសារម្ចាស់រថយន្តតាមចាប់ខ្លួនបាន នៅយប់ថ្ងៃដដែល ខណៈដែលជនសង្ស័យ បើករថយន្តក្រឡាប់នៅខាងជើងផ្សារបុ័ង សី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថ កិច្ច និងក្រុមគ្រួសារម្ចាស់រថយន្តចាប់ខ្លួនបានឈ្មោះ ម៉ក់ សឹង ហៅញឺុង អាយុ៣២ ឆ្នាំ មានទីលំនៅភូមិធំថ្មី ឃុំ-ស្រុកដងទង់ ខេត្តកំពត រីឯម្ចាស់រថយន្តឈ្មោះ សំ យ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយនឹងជនសង្ស័យខាងលើនេះដែរ។

បើតាមម្ចាស់រថយន្តបានប្រាប់នគរបាល ថា រថយន្តដែលជនសង្ស័យលួចមិនបានសម្រេចនេះម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-4768។ ម្ចាស់រថយន្តបានបញ្ជាក់ថា កន្លងទៅជន សង្ស័យនិងបក្ខពួកជនសង្ស័យឯទៀតធ្លាប់ ជួលរថយន្តរបស់គាត់ជិះមកលេងល្បែងនៅក្នុងកាស៊ីណូសាន់ដេព្រែកចាកនេះជាញឹកញាប់ ។ មុនពេលកើតហេតុគាត់ជា ម្ចាស់រថយន្តបានជិះរថយន្តដែលចោរលួចយកទៅនេះទុកនៅបរិវេណជិតប៉ុស្តិ៍នគរបាលត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិព្រែកចាកដោយភ្លេចចាក់សោទ្វាររថយន្ត ហើយ ក៏ដើរចូលទៅក្នុងកាស៊ីណូតែម្តង ។

លុះមួយសន្ទុះក្រោយមកពេលដែល គាត់ដើរចេញពីកាស៊ីណូសាន់ដេព្រែកចាក វិញក៏ស្រាប់តែបាត់រថយន្ត ពេលនោះក៏ បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារនៅឯខេត្តកំពតឲ្យជួយសង្កេតមើលក្រែងបានឃើញរថយន្ត។ នៅគ្រានោះក្រុមគ្រួសាររបស់ គាត់ក៏បានប្តឹងទៅសមត្ថកិច្ចស្របពេល ដែលឃើញរថយន្ត ខណៈដែលជនសង្ស័យ កំពុងជិះគេចខ្លួន ហើយក៏នាំគ្នាបើករថយន្តដេញតាមយ៉ាងប្រកៀកធ្វើឲ្យជនសង្ស័យទំនងជាភ័យក៏ក្រឡាប់នៅខាងជើងផ្សារ បុ័ងសីបណ្តាលឲ្យរងរបួសហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសួរនាំនៅឯខេត្តកំពតវិញ ។

លោក សេង វុទ្ធី អធិការរងនគរបាលស្រុកដងទង់បានឲ្យដឹងថា នៅពេលដែលសមត្ថកិច្ចបានទទួលព័ត៌មានចោរលួចរថយន្តនេះកម្លាំងនគរបាលស្រុកដងទង់សហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រាច និងនគរបាលស្រុកផ្សេងៗទៀតដើម្បីស្ទាក់ ពួនចាប់រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើនេះតែម្តង ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនសង្ស័យអាចលួចចម្លងសោរថយន្តពេលដែលជួលជិះមកកាស៊ីណូសាន់ដេព្រែក ចាកនាពេលកន្លងមក ហើយបានមកឃ្លាំចាំពេលដែលឃើញជនរងគ្រោះជិះរថយន្តមកឈប់ទុកចោលគេក៏លួចយកតែម្តង។

ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចខាងលើនេះអាចជាបទពិសោធន៍មួយ សម្រាប់អ្នកដែលមានរថយន្ត និងម៉ូតូមុន នឹងជួលរថយន្ត ម៉ូតូ ត្រូវមើលមនុស្សឲ្យ បានច្បាស់លាស់ខ្លាចក្រែងអ្នកជួលដែល យើងមិនស្គាល់សាវតារច្បាស់លាស់យកទៅចម្លងសោ ឬយកទៅជិះធ្វើសកម្មភាពឆក់ប្លន់ដែលនាំទុក្ខដល់ខ្លួន(ម្ចាស់រថយន្តនិងម៉ូតូ) ៕ សហការី

komot