ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២​នាក់ ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ពី ឆក់​កាបូប​ជនជាតិ​ចិនបាន​សម្រេច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបស្ពាយស្រ្តីជនជាតិ​ចិន​ម្នាក់ ក្នុងចំណោម​គ្នា​៥​នាក់ កំពុង​តែ​ដើរទេស​ចរណ៍​តាមដង​ផ្លូវ ​បាន​សម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីចោរឆក់កាបូបស្ពាយជនបរទេសខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាចថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​រ៉ា​រី ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ទាំងអស់​៥​នាក់​សុទ្ធតែ​ស្រី​ៗ​កំពុង​តែ​ដើរ​ចេញ​មក​ពី​សណ្ឋាគារ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​កំពុង​តែ​ដើរ​និយាយគ្នាសុខៗ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ដែលជា​មុខសញ្ញា​ឆក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​ មក​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាមនោះស្រ្តី​ជនជាតិ​ចិន​​បានត្រឹមតែឈរ​ស្រែក​ឲ្យ​គេ​ជួយ និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ។

ក្រោយ​​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចុ​ត​មុខ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​ ៕ ស តារា