ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​ថ្លើមធំលួច​មាន់​ក្នុង​ស្នងការខេត្ត​កណ្ដាល​ត្រូវ​ដោះលែង​ក្រោម​ហេតុផល​អប់រំ​ដោយ​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​

ខេត្តកណ្ដាល​៖​ ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ ដែល​ចោរ​ហារយ​អាច​ចូល​លួច​មាន់​ជល់ ​ដែល​ជា​វត្ថុ​បទល្មើស​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ។​ ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​ តែ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​មាន​មន្ទិល​សង្ស័យ​ ។​

លោក​ឧត្តម​សេនីយ៍​ទោ​ អ៊ាវ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឡេង​ បានលបចូល​លួចមាន់​ជា​វត្ថុ​តាង​បទល្មើស​ដែល​នគរបាលខេត្តកណ្តាល​បង្ក្រាបកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំង​ជល់​មាន់​ដ៏​ធំ​ នៅ​ឃុំ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ស្រាប់តែនៅយប់ថ្ងៃទី៥ ខែ​ធ្នូ​ ជនសង្ស័យ​ឈ្មោះ ឡេង បានចូលទៅលួចមាន់ នៅក្នុងស្នងការដ្ឋានចំនួន​មួយ​ក្បាល រួចបាន​យកទៅលក់​ឲ្យ​ម្ចាស់មាន់ជា​ថៅកែកាប់ជ្រូកនៅ​ខណ្ឌ​ច្បារអំពៅតម្លៃ៥០០០ដុល្លារ ។

លោក​ស្នងការ​ បានបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅវាយខ្នោះ​ជនសង្ស័យ​នៅក្នុងហាងលក់បាយតែម្តង។

លោក​ឧត្តម​សេនីយ៍​ទោ​អ៊ាវ​ ចំរើន​ “​ឲ្យ​តែ​មន្ត្រី​នគរបាលណាមួយ​ហ៊ាន​លួចមាន់​ជា​វត្ថុ​តាង​បទល្មើស​និងសមគំនិតជាមួយក្រុមប្រជល់មាន់ លោក​នឹង​ដក​សក្តិ​ ហើយចាប់វាយខ្នោះ បញ្ជូន​ឲ្យ​តុលាការចាត់ការតាមច្បាប់។

ទោះបី​យ៉ាងណា​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ជនសង្ស័យ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ដោះលែង​ នេះ​ គឺ​ ក្រោម​ហេតុផល​អប់រំ​ ហើយ​តុលាការ​ជា​អ្នក​សម្រេច​​ ។​ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​ វិញ​អះអាងថា​ ការ​ដោះលែង​នេះ​ គឺ​ មន្ត្រី​នគរបាល​ជា​អ្នក​សុំ​ ដើម្បី​យក​ទៅ​អប់រំ​ តែ​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ចាត់​ការ​បន្ត​ ៕ ឆ ដា

NKD-36x6_outline