ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​២​នាក់​មក​ពី​ភ្នំពេញ​ឆក់​កាបូប​នៅ​អូរ​ឈេី​ទាល​ សមត្ថកិច្ចចាប់បានទាំងយប់

ខេត្ត​ព្រះសីហនុ៖ ប្រភព ព័ត៌មាន​ពីមន្ត្រី នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ នៅ​វេលាម៉ោង ២២និង២០​នាទី​ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨​ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបនារីជនជាតិចិនម្នាក់​ ដែល​កំពុងដើរតាមផ្លូវ​ នៅមុខសណ្ឋាគារវិមានខ្សាច់​ស​ ម្តុំ​អូរ​ឈើទាល​ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​ មិនបានសំរេច​ ប៉ុន្តែ​បណ្តាលឲ្យជនរងគ្រោះដួល​ត្រឡប់​ត្រឡិន​ រងរបួស​ រលាត់ស្មា ដៃ​និង​ ពកក្បាល ។

លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផា​លី​ស្នងការរងទទួល​ផែន​ព្រ​ហ្ម​ទណ្ឌ​ បាន​ឲ្យ​ដឹង​ថា៖ ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ និង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤សង្កាត់​លេខ​២​ បាន​សហការ​គ្នា​ ប្រកាស​តាម​វិទ្យុ​ទាក់ទង​ ស្ទាក់​ដេញ​ប្រផាប់​ប្រភីង ស្ទាក់ចាប់បាន​ជនសង្ស័យ​២​នាក់​ នៅ​ចំណុច​ផ្លូវ​កោង​ កែង​តុលា​ការ​ចាស់​ សង្កាត់​លេខ​៤ ចាប់បានជនសង្ស័យ ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ១៦​ឆ្នាំ មុខរបរ​គ្មាន​(សិស្ស)​ មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ​គ្មាន​(សិស្ស)​ មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GT-9845 ជា​មធ្យោបាយ​ធ្វើសកម្មភាព។

ជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន ជាភ្ញៀវ​ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពុំ​មាន​ការ​បាត់​បង់​សម្ភារៈ​អ្វី​ឡើយ​ តែ​មាន​របួស​បន្តិច​បន្តួច​ ដូច​បាន​រៀបរាប់​ខាង​លេី​។

មុខសញ្ញា​ទាំង​ពីរ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​កសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ ៕ ឆ្លាម សមុទ្រ