ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏មិនរួចខ្លួន បើហ៊ានកាត់ក្តីអាមេរិកពីបទឧក្រិដ្ឋកម្មសង្គ្រាមមែននោះ

សារព័ត៌មានChannal News Asia បានផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ថា សហ រដ្ឋអាមេរិកបានគំរាមជាសាធារណថា នឹង ចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្មលើចៅ ក្រម និងក្រុមមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយ នេះ បើកការស៊ើបអង្កេតលើសំណុំរឿងចោទ ប្រកាន់ថា សហរដ្ឋអាមេរិក បានប្រព្រឹត្ត បទឧក្រិដ្ឋសង្រ្គាម នៅក្នុងប្រទេសអាហ្វ ហ្គានីស្ថាន។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានព្រមាន បែបនេះនៅក្នុងសុន្ទរកថា មួយដែលលោកថ្លែងក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទ សប្ដាហ៍នេះទៅកាន់អង្គការក្រុមអ្នកអភិរក្សនិយម Federalist Society ហើយលោក ក៏បានចាត់ទុកផងដែរថា ICC ជាស្ថាប័នសិទ្ធិមនុស្សខុសច្បាប់គ្មានទំនួលខុសត្រូវ និងជាគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិក អុីស្រាអែល និងសម្ពន្ធមិត្តអាមេរិកទាំង អស់។

លោក Bolton បានលើកឡើងយ៉ាង ដូច្នេះថា «បើសិនជាពួកគេ (ICC) ស៊ើប អង្កេតលើពួកយើង អុីស្រាអែល ឬក៏សម្ពន្ធមិត្តរបស់អាមេរិកនោះយើងនឹងមិនអង្គុយនៅស្ងៀមនោះទេ… យើងនឹងហាមឃាត់ចៅក្រមព្រមទាំងរដ្ឋអាជ្ញា ICC ទាំងអស់ មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ក៏ដូចជាដាក់ទណ្ឌកម្មនៅក្រោមប្រព័ន្ធហិរញ្ញវត្ថុ អាមេរិក ឬក៏ចាប់ខ្លួនពួកគេក្រោមប្រព័ន្ធ តុលាការអាមេរិកក៏បាន»។

សូមបញ្ជាក់ថា បើតាមលោក John Bolton កុំថាឡើយចៅក្រម ICC សូម្បី តែក្រុមហ៊ុន ឬប្រទេសណាមួយក៏ដោយឱ្យតែហ៊ានគាំទ្រដល់ការស៊ើបអង្កេតរបស់ ICC ប្រឆាំងនឹងអាមេរិក នោះនឹងត្រូវ ប្រឈមមុខការដាក់ទណ្ឌកម្ម ពីសំណាក់ទីក្រុងវ៉ាស៊ីនតោនជាមិនខាន។ សហរដ្ឋ អាមេរិក គឺជាប្រទេសមួយក្នុងចំណោម ប្រទេស និងរដ្ឋជាច្រើនទៀត ដែលមិន បានចូលរួមក្នុងសន្ធិសញ្ញាបង្កើតតុលាការ ព្រហ្មទណ្ឌអន្តរជាតិកាលពីឆ្នាំ២០០២ នោះឡើយ៕ ម៉ែវ សាធី