ខេត្តកំពង់ចាម៖ជនសង្ស័យជាកូនប្រុស លោក ជា ឆេង ដែលគេគ្រប់គ្នាស្គាល់ថា ជាថៅកែដើរម៉ៅការភាសីុផ្សារស្ទើរគ្រប់កន្លែង ក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ឥឡូវត្រូវបាន លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៥ ក្រោមបទចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងផ្សារ៧មករា ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានបង្ក្រាបការជួញដូរគ្រឿងញៀន១ករណី។
នៅក្រោយការបង្ក្រាបលោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តដែលបានដឹកនាំបញ្ជារផ្ទាល់ឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនមាន ឈ្មោះ ជា ច័ន្ទសង្វាពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងផ្សារ៧មករា ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម និង ជាកូនប្រុសរបស់លោក ជា ឆេង ជាថៅកែផ្សារ៧មករា និងជាអ្នកម៉ៅការផ្សារដទៃទៀត។ លោក សោម រស់ បានបញ្ជាក់ថា ក្នុងប្រតិបត្តិខាងលើនេះកម្លាំងសមត្ថកិច្ចបានឆែកឆេ រកឃើញវត្ថុតាងរួមមាន ថ្នាំញៀនចំនួន១០កញ្ចប់ធំ ដាវ កាំបិត ពូថៅ រួមសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
លោកនាយការិយាល័យបានឲ្យដឹងទៀតថា ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបាននគរបាលជំនាញចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ទាក់ទងនិងករណីនេះប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា សមត្ថកិច្ចក៏បើកការស៊ើបអង្កេតបន្តថាការជួញដូរគ្រឿងញៀនរបស់កូនប្រុស លោក ជា ឆេង ដែលដាក់លក់ក្នុងទីស្នាក់ការផ្សារ៧មករា ដូចលក់ត្រីតាំងតែពីយូរយារណាស់មកហើយនោះ មានពាក់ព័ន្ធនឹងលោក ជា ឆេង ដែរឬទេ?
មឈ្ឈដ្ឋានប្រជាពលរដ្ឋទាំងអស់ក៏ផ្តោតការតាមដានរឿងនេះដែរថា តើកូនប្រុសរបស់ថៅកែផ្សាររូបនេះមានពិរុទ្ធភាព និងជាប់ពន្ធនាគារបានប៉ុន្មានខែដែរ?៕វណ្ណៈ