ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូងកើនឡើងខ្ពស់ក្រោយធ្វើទស្សនកិច្ចនៅកូរ៉េខាង​ជើង

ក្រោយដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីមូន ជេអុីន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ជាច្រើនខែកន្លងមក។

សារព័ត៌មានយ៉ុនហាប់ បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវស្ទង់មតិលើ​ពល​រដ្​ឋកូរ៉េខាងត្បូង ដែលបាន​ប្រកាស​នៅ​ថ្ងៃ ទី២០ ខែកញ្ញានេះ បង្ហាញឲ្យឃើញថា ប្រ​ធា​នាធិបតីមូនជេអ៊ីន ទទួលបានការ​គាំទ្រ​ខ្ពស​់ពីពលរដ្ឋ ដោយមានការគាំទ្រកើន​ឡើង ៥៩,៤ភាគរយ គឺខ្ពស់ជាងកាលពី សប្តាហ៍កន្លងមកដល់ទៅ ៦,៣ភាគរយ។

តាមការលើកឡើងរបស់ក្រុមហ៊ុនស្ទង់មតិ មូលហេតុធ្វើឲ្យពលរដ្ឋគាំទ្រកាន់​តែខ្ពស់នោះគឺដោយសារតែ ទទួលបាន លទ្ធផលល្អនៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង នៅទីក្រុង​ព្យុង​យ៉ាង។

នៅមុនពេល ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង លោកមូនជេអ៊ីន ទទួល​បាន​ការ​គាំទ្រតែ ៥២,២ភាគរយប៉ុណ្ណោះ ។

គណបក្សប្រជាធិបតេយ្យ នៅតែ​ទទួល​​បានការគាំទ្រខ្ពស់ ដោយមានការគាំទ្រ ដល់៤៥,១ភាគរយ។ចំណែកគណបក្ស ប្រឆាំងវិញ មានការគាំទ្រ ១៧,៤ភាគរយ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រោយពេលពិភាក្សា នៅកូរ៉េខាង​ជើង​ទទួលបានជោគជ័យ រវាងមេដឹកនាំ​កូរ៉​ទាំងពីរពេលនេះអាមេរិក ក៏បាន​បង្ហាញ​ពីការ​គាំទ្រ អបអរសាទរ​ដល់​លទ្ធផល​ទាំងនោះ ។ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែល​ធ្វើឡើងដោយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ហើយលោក​បាន​បន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចាភ្លាមៗតែម្តងដោយមិនបង្អង់យូរឡើយ ដើម្បីសម្រេចគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឆ្នាំ២០២១។

លោក Pompeo បានឲ្យដឹងថា រូបលោកទើបតែបានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងបានឆ្លៀតឱកាសអញ្ជើញសមភាគីកូរ៉េខាងជើងរបស់លោក ឲ្យមកជួបមុខគ្នាផ្ទាល់នៅឯទីក្រុងញូវយ៉កនាសប្តាហ៍ក្រោយនេះ ក្នុងឱកាសនៃការបើកមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់លោក Pompe​​o ត្រូវបានធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមថានឹងធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្ត ទៅកាន់ទីក្រុងសេអ៊ូលនាពេលឆាប់ៗ ហើយ​ព្រមបិទទីតាំងធ្វើតេស្តមីស៊ីល នៅចំពោះមុខក្រុមអ្នកត្រួតពិនិត្យអន្តរជាតិ ក្នុងជំនួបកំពូលលើកទីបីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅ​ព្យុង​យ៉ាង។

នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង រវាង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ី​ន នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាលប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហាយោធាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុង ព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញ​ខាន់នី (Tonchkhan-ni) ចោលទាំង​ស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យុន​ប្យុន​ (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹង ប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។

សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េ ខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិផាន់មុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០​គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និង​សមុទ្រ​ជប៉ុន (សមុទ្រខាងកើត)។

ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិក ឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយ ភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែល សហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ។

ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា ការប្រឈមមុខតានតឹងដាក់គ្នា ជិត៧០ឆ្នាំកន្លងមករវាង “បងប្អូន​បង្កើត​កូរ៉េ” ដល់ពេលដែលត្រូវបង្រួបបង្រួមផ្សះផ្សាទំនាក់ទំនង ជួយដល់ពលរដ្ឋ​កូរ៉េ​ទាំង​ពីរ អាចបញ្ចប់ពីការកាត់ផ្តាច់ទំនាក់ទំនង ។ នៅពេលអនាគត នឹងមិនមានជំនួប នៃ ការបែកបាក់គ្រួសារកើតឡើងទៀតឡើង ដោយពលរដ្ឋកូរ៉េទាំងពីរ អាចធ្វើដំណើរ ចុះឡើងបាន អាចទៅសួរសុខទុក្ខបងប្អូន សាច់ញាតិដោយផ្ទាល់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺមេដឹកនាំប្រទេសទាំងពីរបាន ព្រមព្រៀង បង្កើតចរាចរណ៍ផ្លូវដែក និងផ្លូវគោក ប្រទេស​ទាំងពីរ ដើម្បីជារឿងងាយស្រួលនៅក្នុងការដឹកជញ្ជូន ទាំងមនុស្សនិង​ពលរដ្ឋ ។

ពលរដ្ឋកូរ៉េខាងជើង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែល នយោបាយទំនាក់ទំនងប្រទេសកូរ៉េខាងជើង បានបើកជំហជាមួយពិភពលោក ។ ក្នុងពេលដ៏ខ្លី ភាពក្រីក្រនឹងមិនមាននៅក្នុងប្រទេសកូរ៉េខាងជើងទៀតឡើយ ក្រោយ​ពេល​រួចផុតពីទណ្ឌកម្ម របស់អាមេរិក និងអង្គការសហប្រជាជាតិ។

មេដឹកនាំកូរ៉េខាងជើង ក៏បានប្តេជ្ញាថា នឹងបញ្ចប់កម្មវិធីបរមាណូមីស៊ីលឈាន​ដល់សន្ធិសញ្ញាសន្តិភាព ជាមួយអាមេរិក ក្នុងអាណត្តិរបស់លោកត្រាំតែម្តងមិន​អាចអូសបន្លាយ ជាបន្តទៀតឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានលើក​ឡើង​ថា ការអភិវឌ្ឍសេច្ឋកិច្ចកូរ៉េខាងជើង និងលុបបំបាត់ភាពក្រីក្រនោះ មិនមែន​ជា​រឿងលំបាក​ឡើយដោយប្រទេសនេះ មាន​ប្រភពធនធានសម្បូរបែប ហើយក្រោយរួចពីទណ្ឌកម្មផលដំណាំកូរ៉េខាងជើង អាចនឹងនាំទៅកាន់ទីផ្សារនៅលើពិភពលោកបានគ្រប់ពេល៕ ម៉ែវ សាធី