ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ហាមជនអន្តោប្រវេសន៍របស់លោក ត្រាំ ត្រូវបានរារាំងជាលើកទី៣

ចៅក្រុមតុលាការអាមេរិក បានចេញសេចក្តីសម្រេច រារាំងច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅមុនពេលច្បាប់នេះចូលជាធរមាន។ នេះជាលើកទី៣ហើយដែលលោក ត្រាំ ចេញច្បាប់ហាមជនអន្តោប្រវេសន៍ ពីប្រទេសមួយចំនួនចូលអាមេរិក ត្រូវបានរារាំងទាំង៣លើក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ច្បាប់ហាមជនអន្តោប្រវេសន៍ថ្មី បន្ថែមទៅលើច្បាប់ ហាមប្រាមពលរដ្ឋមកពី៨ប្រទេស ចូលទៅកាន់អាមេរិកដែលបានអនុម័តកាលពីខែមុនត្រូវបានរារាំង ដោយចៅក្រម Derrick Watson នៅក្នុងតុលាការស្រុក Honolulu រដ្ឋ Hawaii ។

ក្នុងសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃទី១៧ ខែតុលា ចៅក្រម Watson បានបញ្ជាក់ថា រដ្ឋហាវៃទទួលបានជោគជ័យនៅក្នុងការរារាំងច្បាប់ហាមជនអន្តោប្រវេសន៍ របស់លោក ត្រាំ ដែលបានបំពានច្បាប់ជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក។

ច្បាប់ថ្មី គឺមិនបានបញ្ជាក់ឲ្យច្បាស់ស្តីពី ជនអន្តោប្រវេសន៍ជាង១៥០លាននាក់មកពី៦ប្រទេស បានបង្កផលប៉ះពាល់ដល់ ផលប្រយោជន៍របស់អាមេរិក។ សារព័ត៌មាន ញ៉ូវយ៉កថាម បានផ្សាយថា ច្បាប់ហាមជនអន្តោប្រវេសន៍ ដែលលោក ត្រាំ ចេញជាលើកទី៣គឺត្រូវបានរារាំងជាបន្តទៀត។

ច្បាប់ថ្មីរបស់លោក ត្រាំ នឹងចូលជាធរមាននៅថ្ងៃទី១៨ ខែតុលានេះ ដោយបានហាមប្រាមពលរដ្ឋមកពីប្រទេស អុីរ៉ង លីប៊ី ស៊ីរី យេម៉ែន ស៊ូម៉ាលី ឆាត កូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់មួយចំនួនមកពីប្រទេសវេណេហ្ស៊ុយអេឡា។

NKD-36x6_outline

ការសម្រេចរបស់ចៅក្រម Watson គឺអាចរារាំងច្បាប់ខាងលើរបស់លោក ត្រាំ បាន ៦ប្រទេសក្នុងចំណោម៨ លើកលែងតែកូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា។ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ការសម្រេចខាងលើរបស់តុលាការ នឹងទទួលរងការប្តឹងតវាពីរដ្ឋាភិបាលអាមេរិក។

ច្បាប់ហាមប្រាមចាស់ ដែលបានចេញកាលពីខែមីនា អស់សុពលភាព ដោយច្បាប់នោះបានហាមប្រាមពលរដ្ឋមកពី៦ប្រទេស ចូលទឹកដីអាមេរិក ក្នុងរយៈពេល៩០ថ្ងៃ និងហាមជនភៀសខ្លួនចូលទៅកាន់អាមេរិកក្នុងរយៈពេល១២០ថ្ងៃ ដើម្បី ត្រូតពិនិត្យ ប្រវត្តិរូប អ្នកដំណើរ និងទេសចរណ៍។

ក្រុមអ្នករិះគន់បាន ចោទប្រកាន់លោក ត្រាំ ថាជាអ្នកប្រកាន់ពូជសាសន៍ ចំពោះជនជាតិអ៊ិស្លាម បំពានច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិក ស្តីពីសេរីភាពសាសនា និងសម្លាភាពចំពោះមុខច្បាប់។ តុលាការនៅរដ្ឋហាវៃ និងម៉ារីឡែន បានរារាំង ច្បាប់ខាងលើ។

ការហាមប្រាមជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិក បានធ្វើឲ្យលោក ត្រាំ បាត់បង់ការគាំទ្រជាច្រើនពីពលរដ្ឋអាមេរិក។ នៅពេលនេះ ការគាំទ្រលោក ត្រាំ មានតែជាង៣០ភាគរយ ប៉ុណ្ណោះជាចំនួនមួយយ៉ាងតិច បើប្រៀបធៀប និងប្រធានាធិបតីអាមេរិកមុនៗ៕ ម៉ែវ សាធី