ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនបរទេស មិនបានសម្រេចធ្លាក់ពីលើម៉ូតូខ្លួនឯង ត្រូវពលរដ្ឋចាប់ក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនបរទេសម្នាក់កំពុងតែដើរតាមផ្លូវ មិនបានសម្រេច បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូខ្លួនឯងរងរបួសស្រាល ហើយប្រុងរត់គេចខ្លួន ក៏ត្រូវពលរដ្ឋនៅក្បែរនោះចាប់ក្របួចជាប់ភ្លាមៗ រីឯបក្ខពួកម្នាក់ទៀតជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ស្រមោល ។

ករណីឃាត់ខ្លួនចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះស៊ីសុវត្ថុ កែងផ្លូវ១១៨ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅផ្ទះលេខ១២៨E២ ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងម្នាក់ទៀត ដែលគេចខ្លួនបាត់នោះឈ្មោះ ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះ ជាជនបរទេស មិនស្គាល់អត្តសញ្ញាណ បានដើរចេញពីកន្លែងកើតហេតុទៅបាត់ ព្រោះគាត់មិនបាត់បង់អ្វីឡើយ ។

តាមសម្តីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជាជនជាតិបរទេស បានដើរស្ពាយកាបូបម្នាក់ឯង នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពេលដែលមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8925 មកធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនបរទេសរងគ្រោះរូបនោះ តែមិនបានសម្រេច ធ្វើឲ្យជនសង្ស័យដែលអង្គុយនៅពីខាងក្រោយនិងជាអ្នកឆក់ បានធ្លាក់ពីលើម៉ូតូរងបួសស្រាល ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ នាំគ្នាស្រែកឆោឡោរថាចោៗ ក៏ចាប់បានភ្លាមៗ រួចព្រួតគ្នាវាយទ្រមខ្លួន ហើយបានកម្លាំងសមត្ថកិច្ចមូលដ្ឋានមកទទួលទៅសួរនាំនៅប៉ុស្តិ៍ផ្សារកណ្តាល១ សាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស តារា