ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីភ្លាត់ស្នៀតបែរជាឆក់ខ្លួនឯងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ បុរសម្នាក់បានចេញទៅឆក់ត្រីក្នុងទឹកប្រឡាយមួយកន្លែង តែជាអកុសលភ្លាត់ស្នៀតបានឆក់ខ្លួនឯង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចប្រឡាយមេទឹកអំពៅដៀប ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្ដ និងកោសល្យវិច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតមាន៖ អាគុយធុន៥០អំពែចំនួន១ ,ដងឆក់ចំនួន២ និងម៉ូទ័រចំនួន១ផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញទៅឆក់ត្រីនៅត្រង់ចំណុចកើតហេតុខាងដោយម្នាក់ឯង ។ លុះមកដល់វេលាម៉ោងប្រមាណជា១៥រសៀល ស្រាប់តែមានឈ្មោះ សំ រឹម បានប្រទះឃើញជនរងគ្រោះបានស្លាប់នៅក្នុងប្រឡាយទឹក ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនផងដែរ ភ្លាមនោះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ដើម្បីធ្វើការពិនិត្យសាកសព ។

ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍ទទួលបានព័ត៌មាន ភ្លាមនោះក៏បន្ដរាយការណ៍ទៅសមត្ថកិច្ចជំនាញស្រុក ចុះមកធ្វើការពិនិត្យ ដោយសហការជាមួយអាជ្ញាធរភូមិ/ឃុំ និងគ្រូពេទ្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើង ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ