ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឆក់ទូរស័ព្ទបានហើយគេចមិនរួចពីសន្តិសុខឃាត់បានម្នាក់និងម្នាក់ទៀតរត់បាត់

ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​កំពុង​ដើរ​រុញ​ទេះ​កូន​តូចតាមផ្លូវស្រាប់តែមានជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​យាម​បុរី​ចាប់បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅ​តាម​ផ្លូវ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រីរង​គ្រោះឈ្មោះ​ ThingJifen អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​បុរី​ពី​ភព​ថ្មី​នោះ ហើយ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​នោះ​ម៉ាក iPhone 8plus ។

ចំណែកជនសង្ស័យ​ម្នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សាន លាង​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ឈ្មោះ រ៉ា​វីត អាយុ​១៩​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរ​តាម​ផ្លូវ​រុញ​រទេះ​កូនស្រី​ដែល​ទើបមាន​អាយុ​២១​ខែ ហើយ​ក៏​ឆ្លៀតពេល​និយាយ​ទូរស័ព្ទ​ផង​ដែរ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GX-1067ទៅ​ជិត​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ និង​បាន​ជិះ​ម៉ូតូ​គេចខ្លួន ពេល​នោះ​ស្ត្រី​ជនជាតិ​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​សន្តិសុខ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ចំណែក​ម្នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ សុខាសែនជ័យ