ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទមិនបានហើយហៅជនរងគ្រោះឲ្យតាមទៀត ត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច ក៏ព្យាយាមជិះម៉ូតូរត់ ថែមទាំងបក់ដៃហៅជនរងគ្រោះដេញតាមទៀត ធ្វើឲ្យជនរងគ្រោះខឹងស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ។

ហេតុការណ៍​នេះ បានកើតឡើង​កាលវេលាម៉ោង​១០និង​២៥នាទី​យប់​ ថ្ងៃ​ទី​១១ ខែតុលា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ទំនប់​កប់​ស្រូវ​ ស្ថិត​នៅ​ភូមិ​ សំរោង​សង្កាត់​ សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

ជនសង្ស័យ​ខាងលើមានឈ្មោះ​ លុន​ វិន ភេទ​ប្រុស ​អាយុ​​៤១ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​សាក់ប្រយុទ្ធ​ សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​​ មាន​ស្រុក​កំណើត​នៅស្រុកកៀនស្វាយ​ ខេត្ត​កណ្តាល​ ។

ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ ធី​ ចាន់​ណា​ ភេទ​ប្រុស ​អាយុ​៣១ឆ្នាំ​ មុខរបរ​ បុគ្គលិក​ផែស្ងួត​តេងឡាយ​ រស់នៅ​ភូមិ​សំរោង​ សង្កាត់​សំរោងក្រោម ​ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ជិះ​ម៉ូតូ​ម៉ាក​ វីវ៉ា​ ពណ៌​ខ្មៅ​​​​ ពាក់ស្លាក​លេខ​ភ្នំពេញ​1X6934ជិះតាមផ្លូវទំនប់កប់ស្រូវ​ លុះមកដល់ចំណុចកើតហេតុដល់កន្លែងបាញ់​ស៊ីបចាស់ ស្រាប់តែមានជន​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ ​ភ្នំពេញ​1X 6845​ បានឆក់ទូរស័ព្ទរបស់គាត់ក្នុងទិសដៅស្របគ្នាបន្ទាប់មកដោយជនសង្ស័យខាងលើឆក់ពុំបានឡើយ។

ជនសង្ស័យខាងលើដដែលបានបក់ដៃហៅរូបគាត់​ឲ្យ​មក​តាម​គាត់​ បន្ទាប់​មក​ជន​រងគ្រោះ​ខាង​លើ​ បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​តិច​ៗ​ ដោយ​ស្រែក​ប្រាប់​ប្រជាពលរដ្ឋ​ថា​ ចោរ​ឆក់​ទូរស័ព្ទ​របស់​គាត់ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ដេញ​ជន​សង្ស័យ​ ដោយ​កំពុង​និយាយ​ជាមួយ​ មនុស្ស​ភេទ​ទី​បី​ (ខ្ទើយ​)​ហើយ​ជន​ សង្ស័យ​ខាងលើ​ដោយ​ឃើញ​ជន​រងគ្រោះ​ ស្រែក​ថា​ ចោរ​ៗ​ជន​សង្ស័យ​ខាងលើ​បាន​បើក​ម៉ូតូរត់​ត្រឡប់​ក្រោយ​វិញ​យ៉ាង​លឿន​ហើយ​ដួល​ម៉ូតូ​អូស​ រលាត់​ដៃរលាត់ជើង​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ វាយ​ បន្ថែម​បណ្តាល​ឲ្យ​បែក​ ក្បាលដាច់​ស្លឹក​ត្រចៀក​ខាង​ស្តាំ​ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ ភ្លាមនោះ​​នគរបាល​ប៉ុស្តិ៍​ សំរោងក្រោម​​នាំ​ ជនសង្ស័យ​ខាង​លើ​ទៅ​ ព្យាបាល​នៅ​ មណ្ឌល​សុខភាព​ សង្កាត់​សំរោងក្រោម​មុន និង​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​សួរនាំ​ជន​សង្ស័យ​ ខាង​លើ​ បាន​និយាយ​ថា​ រូបគាត់​មិន​បាន​ឆក់​ទូរស័ព្ទ​ពី​ជន​រងគ្រោះ​នោះ​ឡើយ​ចំណែក​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​ចាត់ការ​តាម​នីតិវិធី​៕ សុខាសែនជ័យ