ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចហើយបត់ម៉ូតូត្រឡប់ក្រោយវិញដួល ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានជាក់ស្ដែង បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃស្ពាយពីស្រ្តីម្នាក់បានសម្រេច ព្យាយាមបក់ម៉ូតូត្រឡប់ក្រោយវិញ បណ្ដាលឲ្យដួល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨ ចំណុចខាងមុខ ផ្ទះលេខ៣១ តាមផ្លូវលេខ៧០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជា ម៉េងគាង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅ ផ្ទះលេខ ៣Eo ផ្លូវបេតុង ភូមិបុរីភ្នំពេញ សង្កាត់ទឹកថ្លា ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ព៉ំ ស្រីឡេង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់អ៉ីវ៉ាននៅផ្សាតូច ស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខ២២៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមសំដីរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ចេញពីផ្ទះនៅម្តុំបឹងសាឡាង ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ គោលបំណង់ទៅកន្លែងលក់អ៉ីវ៉ាននៅផ្សារតូច លុះធ្វើដំណើតាមផ្លូវលេខ ៧០ ទិសដៅពីលិចទៅកើត ជាចំណុចកើតហេតុស្រាប់តែលេចមុខយុវជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១GS-៣៥៤៣ មកអែបក្បែរស្រ្តីរងគ្រោះក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយ ភ្លាមនោះជនសង្ស័យក៏បានបត់ម៉ូតូត្រឡប់ក្រោយវិញបម្រុងជិះរត់គេចខ្លួន ប៉ុន្តែជាអកុសល បណ្ដាលឲ្យដួលម៉ូតូ ភ្លាមនោះក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង ។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់កាតាមនីតិវិធី៕ ស តារា