ព័ត៌មានទាន់ហេតុការណ៍៖

ឆេះក្លឹបកំសាន្តមួយកន្លែងនៅក្នុងខណ្ឌដូនពេញបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ អគ្គិភ័យ ឆាបឆេះក្លឹបកំសាន្តមួយកន្លែង យ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញមកអន្តរាគមន៍ ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្លឹបសំសាន្តយីហោ 2nd មានទីតាំងនៅ តាមបណ្តាយផ្លូវលេខ៥១ កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យនេះនៅឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លឹបនេះផងដែរ ៕ ជ្រោយពេជ្រ