ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់ចាប់ហួយនៅស្រុកភ្នំព្រឹក អស់ទ្រព្យសម្បត្តិជិត៤ម៉ឺនបាត

ខេត្តបាត់ដំបង៖ ហេតុការណ៍អគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះ ករណីខ្លះបង្កឡើងដោយការទុស្សេខ្សែភ្លើង ឬបើពុំដូច្នោះទេ គឺបង្កឡើងដោយការផ្ទុះកំប៉ុងហ្គាសជាដើម ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រងរបួសមនុស្សជាបន្តបន្ទាប់ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាតទេនោះ ។

ជាក់ស្តែងករណីភ្លើងឆេះតូបលក់ចាប់ហួយមួយកន្លែងបានកើតឡើងបណ្តាលឲ្យខូចខាតអ៊ីវ៉ាន់ចាប់ហួយ និងលុយកាក់ គិតសរុប៤ម៉ឺនបាត(លុយសៀម) កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឆាបឆេះតូបខាងលើនេះ បង្កឡើងដោយភ្លើងចង្ក្រានហ្គាស ដែលម្ចាស់ផ្ទះរងគ្រោះបានដាក់ដាំបាយ ហើយដបសាំងបានកំពុបលើ ហើយជាធម្មតានោះទេ ភ្លើង និងសាំងគឺមិនអាចនៅជាមួយគ្នាបានឡើយ ពេលនៅជាមួយគ្នោះនា គឺមានតែហេតុការណ៍អាក្រក់កើតឡើងតែម្តង ។

ប្រភពបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានឆេះអស់តូបមួយខ្នងទំហំ២.៥ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ឆឹង គា ភេទប្រុស អាយុ៣០ឆ្នាំ និងមានប្រពន្ធឈ្មោះ ដួង យីម អាយុ៣០ឆ្នាំ ដោយប្រកបរបរជាអ្នកលក់ចាប់ហួយ ។

ប្រភពបានរាយការណ៍ថា ហេតុការណ៍នេះបណ្តាលឲ្យខូចខាត៖ តូបឆេះទាំងស្រុង, ឥវ៉ាន់ចាប់ហួយសរុប៣មឺុនបាត(លុយសៀម) និងលុយសរុប១មឺុនបាតថែមទៀត ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានដាក់ដាំបាយនឹងចង្ក្រានហ្គាសហើយដបសាំងបានកំពុបលើ ទើបបណ្តាលឲ្យឆេះពន្លត់មិនទាន់ ៕ ថាច់ យ៉ាត

3 1 4