ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះ៤អស់ខ្នងនៅស្រុកសំពៅលូនទើបរថយន្តពន្លត់អគ្គិភ័យ

ខេត្តបាត់ដំបង៖ ផ្ទះចំនួន៤ខ្នងបានរងការឆាបឆេះអស់ទាំងស្រុងនោះហើយ ទើបគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់បានចេញទៅដល់កន្លែងកើតហេតុ ភាពយឺតយ៉ាវរបស់រថយន្តពន្លត់អគ្គិភ័យ ចេញមកអន្តរាគមន៍មិនទាន់ពេលវេលានាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ ។

ហេតុការណ៍ការកើតឡើងនៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី02 ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា អគ្គិសភ័យនោះមិនបង្កឲ្យគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ។ ម្ចាស់ផ្ទះរងគ្រោះ

1-ឈ្មោះ រឿម ឃុន ភេទស្រី អាយុ 37 ឆ្នាំ ប្តីឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ 45 ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m រួមទាំងសម្ភារៈក្នុងផ្ទះឆេះខូចខាតទាំងស្រុង ។

2-ឈ្មោះ ចាប មន ភេទស្រី អាយុ 59 ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 5mx 6m ឆេះជញ្ជាំងខាងក្រោយមួយចំហៀង , ប្រាក់ 120$ រួមទាំងសម្ភារៈនៅក្នុងផ្ទះមួយចំនួន ។

3-ឈ្មោះ នៅ សាលី ភេទស្រី អាយុ 42 ឆ្នាំ ប្ដីឈ្មោះ អឿន សំងាត់ ភេទប្រុស អាយុ 42 ឆ្នាំផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m និងសម្ភារៈនៅក្នុងផ្ទះទាំងអស់ ព្រមទាំងប្រាក់ 50 ម៉ឺនរៀល ឆេះខូចខាតទាំងស្រុង ។

4-ឈ្មោះ កែវ ហួន ភេទស្រី អាយុ 61 ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m រួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងអស់ឆេះខូចខាតទាំងស្រុង ។

សេចក្តីរាយការណ៍ពីលោកនាយប៉ុស្ថិ៍នគរបាលឃុំសន្តិភាពប្រាប់ថាអគ្គិភ័យនោះដោយឆេះពុំដឹងមូលហេតុ នៅឡើយនោះទេបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត ៕ សំ វិច្ឆិកា