ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រផលិតឆត្រនៅខណ្ឌដង្កោ ផ្អើលដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាច្រើន

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះរោងចក្រ (អុីយីង) ដែលជារោងចក្រផលិតឆត្រ មួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។

បើតាមសម្ដីកម្មកររោងចក្ររងគ្រោះខាងលើ ដែលស្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុ គឺកម្មករ កម្មការិនីរោងចក្រខាងលើ បានបិទភ្លើង រៀបចំកន្លែងដូចសព្វដង និងបានចេញពីធ្វើការបាត់អស់ តែមិនដឹងយ៉ាងម៉េច ស្រាប់តែរំលងបាន១០នាទីក្រោយមក គេឃើញផ្សែងហ៊ុយឡើងខ្មៅមេឃចេញពីក្នុងរោងចក្រ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យយករថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គេសង្កេតឃើញមានវត្តមានលោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់ និងបង្ការ អគ្គិភ័យនៃរាជធានីភ្នំពេញ និងលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយកងរាជអាវុធ ព្រមទាំងប្រជាការពារខណ្ឌ បងប្អូនប្រជាពលរដ្ឋ បានសហការគ្នាយ៉ាងញាប់ដៃ ញាប់ជើង បាញ់ពន្លត់អស់ទឹកចំនួន០៤គ្រឿង ហើយអគ្គិភ័យខាងលើក៏បានរលត់១០០%ទៅវិញ នៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃដដែល ហើយក្នុងនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង មកត្រៀមបាញ់ពន្លត់ផងដែរ ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ចំពោះទំហំនៃការខូចខាតគឺមិនទាន់ដឹងនៅឡើយទេ ព្រោះខាងរោងចក្ររង់ចាំក្រុមហ៊ុនធនាគាររ៉ាប់រងមកវាយតម្លៃអំពីទំហំនៃការខូចខាត ដោយឡែក ពាក់ព័ន្ធនៃមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋបានត្រឹមតែសនិដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ភារ៉ា ដង្កោ