ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឆ្លងចរន្តអគ្គិសនីឆក់ប្រពន្ធកប់ដីជាង ២ម៉ោងក៏បានបាត់បង់ជីវិតយ៉ាងរន្ធត់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលប្រពន្ធព្យាយាមយកទៅកប់ដីខ្សាច់រយៈជាង ២ម៉ោង ដែលហេតុការណ៍នេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆក់។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង២០នាទី រសៀល ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា ជនរងគ្រោះ(ស្លាប់)ដោយឆ្លងចរន្តអគ្គិសនីឆក់ឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះស្រាវខ្សែភ្លើងមិនបានដកឌុយចេញពីព្រីភ្លើង ហើយបានប៉ះចំកន្លែងដាច់(ចេញលួស)ក៏ឆ្លងឆក់បែបតែម្តង។

ក្នុងរបាយការណ៍នោះបន្តទៀតថា នៅពេលឆក់ជនរងគ្រោះនៅមានដង្ហើមទើបប្រពន្ធ និងសាច់ញាតិព្យាយាមយកទៅកប់ដីខ្សាច់ លុះនៅវេលាម៉ោង៦ និង៣០នាទីថ្ងៃដដែលទើបផុតដង្ហើម ជំនាញស្ថាប័នពាក់ព័ន្ធសហការគ្នាចុះស្រាវជ្រាវ និងពិនិត្យធ្វើកំណត់ហេតុត្រឹមត្រូវ ទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន