ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី​ ឆេះបង្គោលខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម

ភ្នំពេញ:​ ឆ្លងចរន្តអគ្គិសនី​ ឆេះបង្គោលខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម​ កែងនិងផ្លូវ២៦៥​ ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក កាលពីម៉ោងជិត៩យប់​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញមានបែកផ្កាភ្លើងបន្តិចបន្តួចទេ​នៅលើបង្គោលខ្សែភ្លើង ខណៈមេឃកំពុងភ្លៀងតិចៗ​ មួយសន្ទុះក្រោយមកស្រាប់តែបង្កជាអណ្ដាតភ្លើងខ្លាំងតែម្ដង​ ភ្លាមៗនោះប្រជាពលរដ្ឋ​ ដែលឃើញហេតុការណ៍​ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍ និងបានទាក់ទងទៅខាងអគ្គិសនីកម្ពុជាឲ្យបិទភ្លើងរួច​ ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ បាញ់អស់ទឹកមួយរថយន្ត​ ទើបភ្លើងរលត់ទាំងស្រុង​ នៅម៉ោង៩ និង១៥នាទី​ យប់ថ្ងែទី២២​ ខែកញ្ញា​ ឆ្នាំ២០១៨។

បន្ទាប់ពីកើតហេតុខាងក្រុមហ៊ុនអគ្គិសនី(​E.D.C) បានមកដល់ជួសជុល ខ្សែភ្លើងឡើងវិញ​ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ភ្លើងជាធម្មតាវិញ៕ ជ្រោយពេជ្រ