ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីចេញពីបង្គោលភ្លើងឆក់មេគោផើម១ក្បាលងាប់

ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបង្គោលភ្លើង១ដើមបានឆ្លងចរន្តហើយមានមេគោផើម១ក្បាល ដើរឆ្លងកាត់ទឹកដែលដក់លើផ្លូវនៅក្បែរបង្គោលភ្លើង១ដើមនោះ ក្រោយពេលមានភ្លៀងធ្លាក់១មេ ក៏បានឆក់បណ្ដាលឲ្យ ប្រកាច់ងាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលេខP1-493 ស្ថិតនៅតាមផ្លូវលំជាប់របងវត្តភ្នៀតសម្ពលី ស្ថិតនៅក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា ម្ចាស់មេគោផើម១ក្បាល ដែលងាប់នោះឈ្មោះរ៉ន អាយុជាង៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិស្កុលក្រស្នា សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ នៅមុនពេលកើតហេតុខាងលើ គាត់បានលែងមេគោរបស់ខ្លួន ជាមួយនិងគោផ្សេងៗទៀតដើរស៊ីស្មៅ ហើយពួកវាបានដើចេញពីភូមិដើស៊ីស្មៅគ្រប់កន្លែ។ លុះទៅដល់ត្រង់ចំណុចកើតហេតុនោះ មេគោ១ក្បាលខាងលើបានដើរឆ្លងកាត់ទឹកថ្លុកដែលដក់តាមផ្លូវដោយសារមានភ្លៀងធ្លាក់ខ្លាំង កាលពីវេលាល្ងាចថ្ងៃទី១១ ខែតុលា ហើយក៏បានឆក់ដួលប្រកាច់ងាប់ភ្លាមៗតែម្ដង ប៉ុន្តែពេលនោះទាំងអ្នកស្ថិតនៅជិតកន្លែងកើតហេតុ រួមជាមួយម្ចាស់គោផងមិនបានដឹងថា នៅទីនោះមានឆ្លងចរន្តអគ្គីសនីនោះឡើយ ដោយនឹកស្មានថាមេគោផើម១ក្បាលនោះដួលងាប់ដោយសារជម្ងឺប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុម្ចាស់បានលក់ខ្មោចមេគោផើមរបស់ខ្លួនទៅឲ្យឈ្មួញ ហើយត្រូវបានឈ្មោះចំណេញកប់ក្ដោង ព្រោះឈ្មួញឲ្យតម្លៃត្រឹម៦០ម៉ឺនរៀលតែប៉ុណ្ណោះ ដោយនឹកស្មានថាគោឈឺ ដែលគោនោះអាចមានតម្លៃដល់ទៅជាង២លានរៀលឯណោះ ហើយក្រោយពេលត្រូវថ្លៃគ្នាហើយ ឈ្មួញបានចាប់ទាញក្រឡុះអួសចេញពីកន្លែងកើតហេតុរួចទើដាក់រ៉ឺម៉កម៉ូតូដឹកចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានគោ២ក្បាលទៅដល់ ដើរឆ្លងកាត់ទឹកនោះទៀត ហើយក៏ត្រូវបានចរន្តឆក់ដែរ ប៉ុន្តែពួកវាអត់ដួលនោះទេ ដោយវាបានស្ទុះលោត និងរត់ចេញផុតពីទីនោះ ទើបរួចផុតពីគ្រោះថ្នាក់។

NKD-36x6_outline

ប្រភពខាងលើបានបន្តថា ដោយមានការសង្ស័យប្រជាពលរដ្ឋបាននាំគ្នាពិសោធន៍ដោយបានចាប់កូនកង្កែប១ក្បាលបោះចូលទៅក្នុងទឹកថ្លុកនោះ ស្រាប់តែចរន្តអគ្គីសនីឆក់បណ្ដាលឲ្យងាប់ភ្លាមៗទើបដឹងថាទឹកថ្លុកនោះឆ្លងចរន្តអគ្គីសនីចេញពីបង្គោលភ្លើងដែលស្ថិតនៅក្បែរនោះ។

បន្ទាប់មកក៏បានខលប្រាប់នគរបាលឲ្យចុះទៅដាក់របាំងការពារ មិនឲ្យអ្នកដំណើរឆ្លងកាត់ ព្រោះខ្លាចមានគ្រោះថ្នាក់ រួចហើយនគរបាលបានរាយការណ៍បន្តទៅកាន់មន្រ្តីអគ្គីសនីកម្ពុជាឲ្យចុះទៅពិនិត្យមើល ហើយក្រោយពេលទៅដល់មន្រ្តីអគ្គីសនីបានពិនិត្យតាមជំនាញ និងបានប្រាប់ថា បង្គោលភ្លើងនោះពិតជាឆ្លងចរន្តមែន ហើយក៏បានផ្ដាច់ចរន្តអគ្គីសនីជាបណ្ដោះអាសន្នដើម្បីជួសជុលឡើងវិញ៕សុខាសែនជ័យ