ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនជាអ្នកបំផ្ទុះគ្រាប់បែកនៅមុខស្ថានទូតអាមេរិក

ក្រុមសន្តិសុខចិនបានឃាត់ខ្លួនបុរស ជនជាតិចិនម្នាក់ដែលបានបំផ្ទុះ គ្រឿងផ្ទុះនៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងប៉េកាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុរសដែលបានបំផ្ទុះនោះមានវ័យ២៦ឆ្នាំ។ កម្លាំងប្រឆាំងភេរវកម្មចិន នឹងសួរនាំដល់ បុរសខាងលើពីចេតនា បំផ្ទុះនៅមុខស្ថានទូតអាមេរិកតើជាប់ពាក់ព័ន្ធនឹងភេរវកម្ម ដែរឬទេ។

ហេតុការណ៍បំផ្ទុះខាងលើធ្វើឡើង កាលពីថ្ងៃទី២៦ខែកក្កដា ដោយបុរស ឈ្មោះជាំង មកពីតំបន់ ស្វយ័ត ក្បែរ ប្រទេសម៉ុងហ្គោលី ។ រហូតមកដល់ពេល នេះ ប៉ូលិសចិនមិនទាន់បានបញ្ជាក់ប្រាប់ពីមូលហេតុនៅពីក្រោយការបំផ្ទុះនេះទេ។ មន្ត្រីប៉ូលិសចិនគ្រាន់តែបង្ហើបប្រាប់ថា ការបំផ្ទុះធ្វើឡើងនៅក្បែរទីតាំង ដែលអ្នក ដាក់ពាក្យសុំទិដ្ឋាការ ឈរតម្រង់ជួរចូលទៅស្ថានទូតអាមេរិកដើម្បីធ្វើកិច្ចសម្ភាសន៍។

សូមជម្រាបថាស្ថានទូតអាមេរិក មាន ទីតាំងនៅជាយក្រុងប៉េកាំង ហើយក៏ស្ថិត នៅក្បែរ ស្ថានទូតជាច្រើនដែលរួមមានទាំងស្ថានទូតឥណ្ឌានិងអុីស្រាអែលផងដែរ។ បន្ទាប់ពីការផ្ទុះមិនយូរប៉ុន្មាន គេឃើញ មានវីដេអូឃ្លីបជាច្រើនបង្ហាញពីផ្សែងនៅខាងក្រៅបរិវេណស្ថានទូតនៅលើបណ្តាញសង្គម។សាក្សីម្នាក់ ដែលបដិសេធមិន បញ្ចេញអត្តសញ្ញាណ បានប្រាប់ថា យើងបានឮការផ្ទុះយ៉ាងខ្លាំងនៅប្រហែលម៉ោង១រសៀល (ម៉ោងនៅក្នុងប្រទេសចិន) ដូច្នេះយើងក៏បានចេញទៅមើលនៅតាម ផ្លូវ ហើយភ្លាមៗនោះប៉ូលិសជាច្រើនបានហ៊ុមព័ទ្ធកន្លែងកើតហេតុនោះ។

ជុំវិញរឿងនេះដែរ សាក្សីម្នាក់ទៀតបាន ឲ្យដឹងថា នៅកន្លែងកើតហេតុ មានវត្តមានកងកម្លាំងសន្តិសុខចិនយ៉ាងច្រើន ធ្វើអន្តរា គមន៍យ៉ាងលឿន ប្រៀបដូចជាពួកគេបានដឹងពីហេតុការណ៍នេះមុនអ៊ីចឹង។បន្ទាប់ពីហេតុការណ៍បំផ្ទុះ ប៉ូលិសចិនបានបិទ កន្លែងកើតហេតុ។ ដោយឡែក រដ្ឋបាល ចិនក៏រាំងខ្ទប់យ៉ាងឆាប់រហ័ស ដើម្បីរារាំងការស្វែងរកព័ត៌មានទាក់ទងនឹង “ស្ថាន ទូតអាមេរិក” លើបណ្តាញសង្គម Weibo ព្រមទាំងTwitter។

ជាទូទៅគេមើលឃើញថា នៅក្នុង សង្គមចិន មានបុគ្គលមួយចំនួនធំ ដែល មិនសប្បាយចិត្ត ចំពោះអំពើពុករលួយ ឬភាពអយុត្តិធម៌ជាច្រើន ដែលកំពុងមាន នៅក្នុងប្រទេស ហើយពួកគេជាញឹកញយតែងតែបង្កជាហានិភ័យផ្សេងៗនៅក្នុងប្រទេស៕ ម៉ែវ សាធី