ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិម៉ាឡេស៊ីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលនៅក្បែរមាត់អូរព្រំដែនកម្ពុជា ថៃ

ប៉ោយប៉ែត៖ ជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ផ្ទះសំណាក់ក្បែរអូរព្រំដែនកម្ពុជា ថៃក្នុងបន្ទប់ជួលលេខ២១ នៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា ថៃឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា សពរងគ្រោះមានឈ្មោះលី យុងគួក ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី (ស្លាប់អង្គុយលើគ្រែ ឱនក្បាលចុះក្រោមនៅក្នុងបន្ទប់លេខ២១) ដោយម្ចាស់ផ្ទះឈ្មោះជុន លាង ជាមេបញ្ជាការងវរៈសេនាតូច៩១១។

បើតាមការអះអាងរបស់មិត្តភក្តិសពរងគ្រោះជាជនជាតិថៃ បានប្រាប់ថា នៅវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃដដែល គាត់បានមកពីកាស៊ីណូដើម្បីចូលទៅក្នុងបន្ទប់ ស្រាប់តែបន្ទប់របស់គាត់ជួលជាមួយបុរសរងគ្រោះ ត្រូវបានចាក់គន្លឹះពីក្នុង ពេលនោះ គាត់មានការសង្ស័យ បានហៅម្ចាស់ផ្ទះដើម្បីរកវិធីបើកទ្វារ ក្រោយពីបើកទ្វារបន្ទប់បាន ស្រាប់តែឃើញជនរងគ្រោះអង្គុយលើគ្រែឱនក្បាលចុះក្រោម ពេលហៅមិនកម្រើក ក៏ផ្អើលឆោឡោតែម្ដង។

មិត្តភក្តិរួបនោះបន្តថា សពរងគ្រោះខាងលើមានជំងឺប្រចាំកាយដូចជាថ្លើម បេះដួង សួត និងទឹកនោមផ្អែម ហើយខ្លួនគាត់(មិត្តភក្តិ) ក៏ធ្លាប់ជូនទៅពិនិត្យជំងឺផងដែរ។

បើទោះមិត្តភក្តិសពអះអាងបែបណាក៏ដោយ សមត្ថកិច្ចពីស្ថាប័នអាវុធហត្ថក្រុង និងកម្លាំងជំនាញនគរបាលក្រុង រួមទាំងគ្រួពេទ្យផងនោះ បានពិនិត្យទៅលើសពរងគ្រោះដើម្បីរកការពិតផងដែរ ។

NKD-36x6_outline

ក្រោយពីការពិនិត្យសពរងគ្រោះខាងលើរបស់មន្ត្រីជំនាញ បានឲ្យដឹងថា ការស្លាប់របស់ជនជាតិម៉ាឡេស៊ីខាងលើនេះ គីដោយសារតែជំងឺរបស់គាត់ ដូចដែលមិត្តភក្តិគាត់បានប្រាប់សមត្ថកិច្ច ព្រោះថា ដៃ ជើងរបស់សពមានសភាពហើម។

ក្រោយពីការពិនិត្យរួចរាល់ សពរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តបាលិលេយ្យដើម្បិរង់ចាំបងប្អូនមក និងចាត់ចែងទៅតាមប្រពៃណី ៕ វណ្ណា