ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូទ្រីសម្នាក់ គ្មានលិខិតឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបុរសជនជាតិអូទ្រីសម្នាក់ គ្មានលិខិតឆ្លងដែននិងការស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមដងផ្លូវសាធារណៈ ។

ករណីឃាត់ខ្លួនជនអន្តោប្រវេសន៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅតាមដងផ្លូវសាធារណៈ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឲ្យដឹងថា សមត្ថកិច្ចបានទទួលជនបរទេសម្នាក់ ឈ្មោះ PETER HIMMEL ភេទប្រុស អាយុ៥២ ជនជាតិអូទ្រីស ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងរាំង ពាក់ព័ន្ធនឹងករណីជននេះ គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមដងផ្លូវសាធារណៈ ។

បន្ទាប់មកកម្លាំងការិយល័យបានត្រួតពិនិត្យឯកសារ ឃើញថាជននេះគ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមដងផ្លូវសាធារណៈ ត្រូវបានបញ្ជូនជននេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ស តារា