ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​បរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ សំណាក់​ចន្ទ​ សូ​ដា​ សមត្ថកិច្ច​និង​ម្ចាស់ផ្ទះ​សំណាក់​មានការ​លាក់បាំង

ភ្នំពេញ​ ៖​ជនជាតិ​បរទេស​ម្នាក់​បាន​ដេក​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ​ នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​ ចន្ទ​សូ​ដា​ ស្ថិត​នៅ​ទីតាំង​ផ្ទះ​លេខ​២៩Eo​ ផ្លូវ​លេខ​១៧៨​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​ ក៏​ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​ មានការ​លាក់បាំង​ជាមួយ​អ្នក​សារ​ព​ត៌​មាន​ ដោយ​ព្យាយាម​មិន​ប្រាប់​អំពី​អត្តសញ្ញាណ​សព​ ហាក់ដូចជា​មានរឿង​អ្វី​នៅ​ពីក្រោយ​នៃ​ ការ​ស្លាប់​នេះ​ ។​

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ ខណៈ​ដែល​កំពុង​តែ​អង្គុយ​ចាំ​ម៉ូយ​នៅ​ខាង​មុខ​ផ្ទះសំណាក់​ ចន្ទ​សូ​ដា​ ស្រាប់តែ​បានឃើញ​អ្នកបំរើ​ការ​នៅ​ក្នុងផ្ទះ​ សំណាក់​ខាងលើ​ បាន​សែង​សព​ជនជាតិ​បរទេស​ម្នាក់​នោះ​ មក​ដាក់​នៅ​ខាង​មុខ​ជិត​នឹង​ចិញ្ចើម​ផ្លូវ​ ភ្លាមៗ​នោះ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ អ្នក​ជិតខាង​និង​អ្នកដំណើរ​មក​ចោមរោម​មើល​ ឃើញ​ដូច្នេះ​ក៏​អ្នកបម្រើ​ការ​នៅ​ក្នុងផ្ទះ​សំ​ ណា​ក់បាន​យក​សាកសព​ចូល​ទៅ​ខាងក្នុង​វិញ​ ។​

ប្រភព​បន្ត​ថា​ បាន​ប្រមាណ​ជា​៣០​នាទី​គេ​ឃើញ​មាន​សមត្ថកិច្ច​ ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​ផ្ទះសំណាក់​ចន្ទ​សូ​ដា​ដើម្បី​ធ្វើ​កោសល្យវិច័យ​សព​និង​ស្វែងរក​អត្តសញ្ញាណ​របស់​ជនជាតិ​បរទេស​ម្នាក់​នោះ​ ។​

ប៉ុន្តែ​ការ​ធ្វើ​កោសល្យវិច័យ​សព​ជនជាតិ​បរទេស​តាំងពី​ម៉ោង​៥​និង​៣០​នាទី​ រហូត​ដល់​ម៉ោង​៨​និង​១៣​នាទី​យប់ បន្ទាប់​ពី​រថយន្ត​សា​មុ​យ​ដឹង​សព​យក​ទៅ​រក្សា​ទុក​ដើម្បី​ឱ្យ​សាច់ញាតិ​មក​ទទួលយក​ទៅ​ប្រទេស​ជា​ស្រុក​កំណើត​វិញ​ នោះ​ សមត្ថកិច្ច​ដែល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​ម្ចាស់ផ្ទះ​សំណាក់​ មិន​អាច​បញ្ជាក់​ថា​ជនជាតិ​បរទេស​ខាងលើ​ស្លាប់​ដោយសារ​តែ​មូលហេតុ​អ្វី​ទេ​ សូ​ម្បី​តែ​អត្តសញ្ញាណ​ក៏​មិន​មាន​ប្រភព​ណាមួយ​ណា​អាច​បញ្ជាក់​ប្រាប់​អោយ​ដឹង​នោះ​ទេ​ ហាក់ដូចជា​មានការ​លាក់បាំង​ជាមួយ​អ្នក​សារ​ព​ត៌​មាន​ ហាក់ដូចជា​មានរឿង​អ្វី​នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​នេះ​ ។​

ដោយសារ​តែ​នៅ​ពេល​អ្នក​សារ​ព​ត៌​មាន​ បាន​ទៅ​សួរនាំ​ម្ចាស់ផ្ទះ​ក៏​ដូច​ជា​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​នោះ​ទេ​ បាន​ត្រឹម​និយាយ​ថា​មិនដឹង​រឿង​អ្វី​ទាំងអស់​ ៕

5ky8xkjq

qmqmbp2h