ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​អាមេរិកកាំង​ម្នាក់ ​រំលោភ​កុមារ​ជាច្រើន​នាក់ រួច​រត់​មក​លាក់ខ្លួន​នៅខេត្ត​ព្រះសីហនុ ត្រូវប៉ូលិសចាប់ខ្លួន

ព្រះសីហនុ ៖ កាលពីយប់​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសអន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​អាមេរិកកាំង ដែល​បាន​រំលោភ​ផ្លូវ​ភេទលើ​កុមារ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​រួចរ​ត់ម​កពួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​អាមេរិក​ដែល​ចាប់ខ្លួន​នោះមានឈ្មោះ William David BRENNER។

ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​សុំរបស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រួច​បញ្ជូនមក​ភ្នំពេញ។

យោងតាម​លិខិត​របស់​ការិយាល័យ​សន្តិ​សុខភូមិ​ភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ផ្ញើជូន​សម្តេច ស ខេង កាលពី​ថ្ងៃទី២៣ ខែសីហា បាន​ឲ្យ​ដឹងថា ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បានទទួល​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិកាំង​ឈ្មោះ William David BRENNER មាន​ដីកាចាប់ខ្លួន​ដែលមាន​សុពលភាព ពាក់ព័ន្ធ​បទ​រំលោភបំពាន​ផ្លូវភេទ​ជា​បន្តបន្ទាប់​ទៅលើ​កុមារ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​របស់​ជនល្មើស។ ហើយ​ជនល្មើស​កំពុងតែ​រស់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ដោយសារ​ជនល្មើស គ្មាន​ឯកសារ​ធ្វើដំណើរ​ដែលមាន​សុពលភាព វា​ស្តែង​ឲ្យ​ឃើញថា ឈ្មោះ William David BRENNER កំពុងតែ​រំលោភ​ទៅលើ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា។

ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​ស្នើសុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជួយ​ស្វែងរក និង​ឃាត់ខ្លួន​ជនល្មើស ដោយ​ផ្អែកលើ​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ប្រសិនបើ​ជនល្មើស​បង្ហាញមុខ​នៅ​ស្ថានទូត ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​នឹង​ជូនដំណឹង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អំពី​វត្តមាន​ជនល្មើស​ឈ្មោះ William David BRENNER។ ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បាន​នឹង​កំពុងធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​កាត់ទោស៕ ឆ្លាម សមុទ្រ