ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះដោយសារទឹកជំនន់៣០គ្រួសារនៅភូមិស្រះឫស្សីទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ៣០គ្រួសារ បានទទួលអំណោយ ពីរលោកអ៊ុយ សំអាត ប្រធាននាយកដ្ឋានកាកបាទក្រហមកម្ពជា តំណាងដ៏ខ្ពងខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងតំណាងមន្ត្រីខេត្ត និងមន្ត្រីសាលាក្រុង កាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមចែកអំណោយជូនដល់់ បងប្អូនគ្រួសារដែលរងគ្រោះ ដោយសារទឹកជំនន់ ដែលកំពុងតែឡើងលិចផ្ទះសំបែង និងខូចផលដំណាំ គោ ក្របី សត្វពាហនៈមួយចំនួនផងដែរ ដែលបច្ចប្បន្នទឹក កំពុងតែនៅទ្រឹង មិនទាន់អន់ថយនៅឡើយនោះទេ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅទីធ្លាខាងក្រោយសាលាពេទ្យ ឋិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង។

លោក អ៊ុយ សំអ៊ាត បានមានប្រសាសន៍ទៅកាន់បងប្អូនថា នេះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែនជាប្រធាន ។ សម្តេចទាំងពីរ តែងតែគិតគូរ ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ចកាល ទីណាមានទុក្ខលំបាក ទីនោះតែងតែមានលោកទាំងពីរ អំណោយដែលនាំមកចែកជូនមាន ដូចជាទឹកស៊ីអីវ ទឹកត្រី ត្រីខ មី ក្រមា សារ៉ុង មុង ភួយ អង្ករ១បេ ។

លោកបន្តទៀតថា សូមបងប្អូនប្រយ័ត្ន កូនតូចៗ កុំឲ្យលេងទឹក ក្រែងគ្រោះថ្នាក់ដោយប្រការណាមួយ ហើយទឹកដែលឡើងនេះ មិនល្អទេ គឺនាំមកនូវកាកសំណល់ដែលជាប្រភពចម្លងមេរោគផ្សេងៗ ដល់កុមារ និងមនុស្សធំទៀតផង ជាពិសេសមូសក៏ច្រើន និងសត្វអសិរពិសជាច្រើន វាឡើងតាមទឹកជំនន់នេះ ត្រូវសំរាកចងមុង ពិសារទឹកស្អាតជៀសវាងជំងឺឆ្លងផ្សេងៗ នៅពេលទឹកជំនន់មកដល់ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដែលនៅជិតងាយស្រួលជួយសំរួលដល់បងប្អូន នាំទៅរកទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន ៕ មាស សុផាត