ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះ​ សង្ឃឹម​ថា​ ចៅក្រម​ស៊ើបសួរ​នឹង​ឃុំ​ខ្លួន​ជនបង្ក​ក្រោយ​តុលាការ​ចោទប្រកាន់​បុរស​ស្រវឹង​បុក​គេ​ស្លាប់​និង​ខូច​រថយន្ត​ខ្ទេច​ នៅ​ខណ្ឌ​ជ្រោយ​ចង្វា 

ភ្នំពេញ​៖ ក្រុម​ជនរងគ្រោះ​ សង្ឃឹម​ថា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​សម្រេច​ឃុំ​ខ្លួន​ជនបង្ក​ដែល​បើក​រថយន្ត​​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ បុក​រះ​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ ។​

សំណូមពរ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ នេះ​ សម្រេច​ចោទប្រកាន់​បុរស​រូប​នេះ​​ពី​បទ​ “បើកបរ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​ស្លាប់​និង​របួស​អ្នក​ដទៃ​”តាម​មាត្រា​៨៣និង​មាត្រា​៨៥​ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។​ ក្រុម​ជនរងគ្រោះ​ សង្ឃឹម​ថា​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេចឃុំ​ខ្លួន​​ជនបង្ក​ ដើម្បី​កាត់​បន្ថយ​ការ​ធ្វេសប្រហែស​បើកបរ​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​សាហាវ​បែបនេះ​ ។

ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​២៣៖២០​ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ នៅ​ចំណុច​មុខ​សាលា​សង្កាត់​ជ្រោយ​ចង្វារ​ ផ្លូវ​ទន្លេ​សាប​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​ ។

ជនបង្ក​មាន​ឈ្មោះ​ ឆាយ​ សុផា​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បាលីលេយ្យ២​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បើក​រថយន្ត​ម៉ាក​ LEXUS 470 ពណ៌​ទឹក​មាស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2Q-0999 ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ រថយន្ត​បើកបរ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​កន្លែង​កើតហេតុ​បុក​រថយន្ត​មួយ​គ្រឿង​ពី​ក្រោយ​ ម៉ាក​ TOYOTA CAMRY ពណ៌​ទឹក​ប្រាក់​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2Q-8385 ។​ បន្ទាប់​មក​រថយន្ត​ LEXUS បន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​៤គ្រឿង​ទៀត​ ព្រម​ទាំង​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ​ សាន់​ សុខន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ស្លាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ៕ ចេស្តា

NKD-36x6_outline