ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដែលពាក់ព័ន្ធអំពើឃាតកម្មនៅប្រទេសថៃ ឆ្នាំមុនជាឃាតកសម្លាប់គេ នៅខេត្តពោធិ៍សាត់

ប៉ោយប៉ែត៖ យោងសាក្សីរស់ និងជាសមត្ថកិច្ចខេត្តពោធិ៍សាត់បញ្ជាក់ថា ជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធ នឹងអំពើឃាតកម្មវាយ និងកាប់ពលករខ្មែរ២នាក់ នៅក្រុងបាងកក បណ្តាលឲ្យរបួសធ្ងន់១ និងស្លាប់ម្នាក់ ពេលដឹងការពិត គឺជាឃាតកសម្លាប់គេនៅស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៧ ។

ជនរងគ្រោះនៅក្រុងបាងកក ឈ្មោះ យួន មិត ភេទ ប្រុស អាយុ៤១ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង ជាមេការសំណង់ (ស្លាប់) និង ឈ្មោះ រឹទ្ធ ភេទប្រុស ជាកម្មករ របួសកំភួនដៃឆ្វេង និងក្បាលធ្ងន់ធ្ងរ ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានជនដៃដល់៤នាក់ ព្រួតវាយ និងកាប់ស្លាប់ របួសនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ក្នុងក្រុងបាងកក កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ហើយសពជនរងគ្រោះត្រូវគេបញ្ជូនត្រឡប់មកប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅផ្ទះខាងប្រពន្ធរបស់សពនៅភូមិថ្មសិន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នករបួស កំពុងសម្រាកព្យាបាលនៅក្រុងបាងកក ។

ដោយឡែក ករណីឃាតកម្មនៅខេត្តពោធិ៍សាត់កើតឡើងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ដែលជនសង្ស័យជាមនុស្សក្រុមតែមួយ ។

ករណីនៅខេត្តពោធិ៍សាត់នេះ ជាប់ពាក់ព័ន្ធទាំងឪពុក ម្តាយផងដែរ គឺត្រូវសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យតុលាការផ្តន្ទាទោស ព្រោះជាអ្នកបញ្ជាឲ្យកូនៗទាំង៤នាក់ វាយ និងកាប់សម្លាប់ជនរងគ្រោះ ឈ្មោះ ម៉ៃសាម៉េន ភេទប្រុស អាយុ៣៧ឆ្នាំ យ៉ាងព្រៃផ្សៃ ។

ក្រោយកើតហេតុ ជនសង្ស័យជាកូនៗរួមមាន ឈ្មោះ រ៉ែន រ៉ី ហៅ រ័ក្ស, រ៉ែន រ៉ា, រ៉ែន រ៉ូ និង រ៉ែន រាជ បានគេចខ្លួនបាត់ លុះកើតមានករណីឃាតកម្មជាលើកទី២នេះ ទើបដឹងថា ក្រុមជនសង្ស័យស្ថិតប្រទេសថៃ ។

ករណីខាងលើនេះ បណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះ និងឲ្យជួយស៊ែរចែកចាយដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ផងដែរ ។

សង្ឃឹមថា សមត្ថកិច្ចកម្ពុជា នឹងសហការជាមួយភាគីថៃ ចាប់ក្រុមជនសង្ស័យយកទៅចាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំង២ខាងលើ ៕ វណ្ណា