ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសម្មភាពដកដាវគំរាមប្លន់យកម៉ូតូ ZOOMER-X បានសម្រេចក្នងខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ប្រដាប់ដោយដាវសាំមូរ៉ៃ បានធ្វើសកម្មភាពធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER.X ពីបុរសម្នាក់បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ច ។

ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រងចំនុចជិះស្ពានបាក់ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រ ដោយជិះម៉ូតូ ZOOMER-X ពណ៌ស លាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ.1FS-7178 ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅវិញដូចសព្វដង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ១ក្រុម ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ បានមកពីក្រោយ ជិះគៀបសងខាង ហើយធ្វើសម្មភាពធាក់ឲ្យដួល រួចដកដាវបម្រុងកាប់ធ្វើឲ្យរូបគាត់ភ័យរត់ចោលម៉ូតូ ក៏ស្រែកថា ចោរៗយករួចខ្លួនសិន ដោយឃើញឱកាសល្អ ជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកកំពឹស ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សូមបញ្ជាក់ផងដែរថា ក្រោយពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៏បានរៀបចំឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយត្រូវបានអ្នកយកព័ត៌មានសាកសួរ និងថតរូបភាពស្រាប់លេចមុខ មេប៉ុស្តិ៍ម្នាក់ស្លៀកពាក់ស៊ីវិល ទើបតែចេញពីដេកក្នុងប៉ុស្តិ៍ដើរមកត្រេងត្រាង មិនបានសួរនាំនោះទេ បែរជាមកស្រែកជេរទៅលើអ្នកសាព័ត៌មានយ៉ាងទទឹងទិសទៅវិញ ៕ ភារ៉ា​ ដង្កោ