ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សាដោយចេតនា

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្នុងករណីប្រើហិង្សា វាយទៅលើជនរងគ្រោះជាច្រើនដៃ ចំផ្ទៃមុខបណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៥រសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានប្រាប់កាសែតនគរវត្តដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អង ដន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ។

ចំណែកជនរងគ្រោះមានឈ្មោះ មើក ធា អាយុ២០ឆ្នាំ មុខរបរកងវិស្វកម្មធ្វើថ្នល់ មានទីលំនៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។

ប្រភពបន្តថា រីឯជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ ម៉ៅ លាប ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ សាន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតារាក់ ឃុំឈើទាល ស្រកស្វាយជ្រំ ។

NKD-36x6_outline

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អង ដន ថាពួកខ្លួន ពិតជាបានប្រើអំពើហិង្សាព្រួតគ្នាវាយទៅលើជនរងគ្រោះពិតប្រាកដមែន ខណៈដែលឃើញក្រុមខ្លួនស្រវឹងស្រាជោកហើយខឹងនិយាយឌឺដងពាក្យសំដីខ្លាំងពេក ទ្រាំមិនបានក៏ព្រួតវាយតែម្ដង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចក៏បានដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I៩២៧០ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃុំស្វាយធំ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចាត់ការតាមច្បាប់ និងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួនមកផ្ដន្ទទោសឲ្យខានតែបាន ៕ យឹម សុថាន