ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឆក់កាបូបពីនារីម្នាក់មិនបានស​ម្រេច តែត្រូវប្រជាពលរដ្នឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព​ឆក់កាបូបពីនារីម្នាក់ កំពុងតែជិះម៉ូតូ មិនបានសម្រេចហើយ ក៏ត្រូវប្រជាពលរដ្ន ឃាត់ខ្លួនភាមៗ ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ផងដែរ ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៣ តាមផ្លូវលេខ៤៨៤កែងផ្លូវ១០១ក្រុម២៧ ស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឆត គីមឈីហៅជី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្រ្តីព្រឹទ្ធសភា ស្នាក់នៅផ្ទះលេខ៣១៥ ផ្លូវលេខ០៥ ស្ថិតនៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សន សូនីកា ភេទស្រី អាយុ២១ឆ្នាំមុខរបរនិស្សិតស្នាក់នៅផ្ទះលេខ៤១២ ផ្លូវ៤៥០សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទើបតែ ចេញពីផ្ទះជិះម៉ូតូម៉ាកស៊ុយសូគី លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FJ ៩៦៩២ គោលបំណាងទៅឌុបមិត្តភក្តិស្រីទៅហូបអី លុះមកដល់ផ្លូវ៤៨៤ កែងផ្លូវ១០១ ក្នុងទិសដៅពីកើតមកលិច រួចបំរុងបត់ម៉ូតូ ស្រាប់តែមានជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ សេរីឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១G ៩០៤៩បើកបរ អែបមកខាងឆ្វេងដៃនាង ហើយក៏បានធ្វើសកម្មភាព ឆក់កាបូបស្ពាយ នាងក៏ ទាញយកមកវិញ បណ្ដាលឲ្យកាបូបស្ពាយដាច់ខ្សែ និងដួលម៉ូតូហើយក៏ស្រែកចោរៗ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជួយដេញចាប់បានប្រគល់ឲ្យនគរបាលរដ្ឋបាលផ្សារដើមថ្កូវ ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវសួរនាំ និងកសាងសាណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី ៕ យឹម សុថាន