ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ដឹកប្រពន្ធ និងកូនមកពិនិត្យបែរជាបន្លំលួចកាបូបលុយ និងទូរស័ព្ទត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជាប់ខ្នោះសមត្ថកិច្ច បន្ទាប់ពីដឹកប្រពន្ធ និងកូនមកពេទ្យហើយបែរជាបន្លំលួចកាបូបនៅក្នុងគ្លីនិកហើយបុគ្គលិកឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគ្លីនិកបន្លឺភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះម្ចាស់គ្លីនិកមានឈ្មោះ ឃឹម រ៉ានី ភេទស្រីអាយុ ៥០ ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះរួមមានប្រាក់២៨០០ដុល្លារ លុយខ្មែរមួយលានរៀល ទូរស័ព្ទ៧គ្រឿង ម៉ាកសាំស៊ុង៥គ្រឿង អាយហ្វូន២គ្រឿង ។ ជនសង្ស័យមានឈ្មោះ ឡូច ណេត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកប់កណ្តឹង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាកសាំយ៉ុង ពណ៌ស។

តាមប្រភព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានបើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដឹកប្រពន្ធ និងកូនប្រុសតូចពីរនាក់មកឈប់នៅមុខគ្លីនិកខាងលើ រួចប្រពន្ធបានបីកូន និងដឹកដៃកូនប្រុដម្នាក់ទៀតដើម្បីចូលពិនិត្យកូននៅក្នុងគ្លីនិកខាងលើហើយជនសង្ស័យជាប្តីបានដើរចូលតាមពីក្រោយក្នុងគ្លីនិក​ ។

ប្រភពបន្តទៀតថា​ ខណៈដើរចូលទៅក្នុងឃើញមានឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបលុយ ដែលជនរងគ្រោះបានដាក់ទុកនៅលើតុក្បាលគ្រែអ្នកជំងឺរួចដើរចេញមកក្រៅស្រាប់តែពេលនោះបុគ្គលិកពេទ្យឃើញទាន់ក៏ផ្អើលឆោឡោបង្កឲ្យមានការណ៍នាំគ្នាចាប់បានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទទួលសង្កែទី២ចាត់ការតាមច្បាប់តែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់កាបូបលុយ និងទូរស័ព្ទឲ្យជនរងគ្រោះវិញ ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំង ប៉ុសិ៍្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី ៕ អារុណរះ