ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ជនសង្ស័យម្នាក់អត់លុយទិញថ្នាំញៀនជក់ បែកគំនិតលួចកាច់កម៉ូតូបានសម្រេច

ភ្នំពេញ៖ នៅរសៀលម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដេញតាមចាប់មុខសញ្ញាកាត់ ក ម៉ូតូបានម្នាក់ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយ​ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលបានបាត់ម៉ូតូនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃខែដដែល នៅចំណុចផ្លូវលេខ៣៧១ ផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

កងរាជអាវុធហត្ថខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សូរ ពៅ ភេទប្រុស អាយុ៣២ ឆ្នាំមុរខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលម្ដុំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះមួន កប អាយុ២៤ ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌចំការមន មានស្រុកកំណើតនៅខេត្ដប៉ៃលិន ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1GV- 3752 មកពីរៀនរួចបានទុកម៉ូតូនៅមុខហើយបានដើរចូលក្នុងផ្ទះហូបបាយមួយភ្លែត ស្រាប់តែដល់វេលាកើតហេតុជនរងគ្រោះបានចេញមកពីក្នុងផ្ទះវិញបាត់ម៉ូតូ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យបានកំណត់មុខសញ្ញាក៏ដេញតាម រហូតឃាត់ខ្លួនបាននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយក៏បានសួរនាំទើបដឹងថា ករណីនេះកើតឡើងនៅទឹកដីខណ្ឌដង្កោក៏ទាក់ទងទៅសមត្ថកិច្ចអាវុធហត្ថខណ្ឌដង្កោនាំខ្លួន ជនសង្ស័យមកមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីសាកសួរតែម្ដង ។

នៅចំពោះមុខកងរាជអាវុធហត្ថខណ្ឌដង្កោ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែន ដោយសារខ្លួនគ្មានលុយទឹញថ្នាំញៀនជក់ ។

បច្ចប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី ៕ ភារ៉ា ដង្កោ