ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រឃាត់ខ្លួននិងដកហូតថ្នាំញៀន១៧កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននិងដកហូតថ្នាំញៀន១៧កញ្ចប់តូច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចក្នុងកោះពេជ្ររោងកម្មករ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានអោយដឹងថា ជនសង្ស័យឈ្មោះ រុន រ័ត្នធី អាយុ ៣២ឆ្នាំស្រុកកំណើត នៅឃុំព្រែកប្ញស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅរោងកម្មករនៅកោះពេជ្រ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចកំពុងបានជិះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យម្នាក់ ខាងលើដូចជាមានការសង្ស័យ ក៏បានឃាត់ខ្លួនឆែកឆេរនិងដកហូតថ្នាំញៀនបាន១៧កញ្ចប់តូច និងប្រដាប់ជក់មួយកំប្លេ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមច្បាប់៕ ស រស្មី