ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ និងបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រទូសកេរ្តិ៍ (ច្របាច់ដោះ)

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ និងបក្ខពួក២នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលហៅមកសាកសួរ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារនារីរងគ្រោះពាក់ព័ន្ធ និងករណីប្រទូសកេរ្តិ៍ (ដោយយកដៃច្របាច់ដោះ) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិកាលពីវេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្បែរវិទ្យាល័យពងទឹក ក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពប្រទូសកេរ្តិ៍មានឈ្មោះ សេក ទឺត អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

ចំណែកបក្ខពួកជនសង្ស័យទាំង២នាក់មានឈ្មោះ ម៉ុន ធារ៉ា អាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល និងឈ្មោះ សំ វាសនា អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ។

ចំណែកភាគីនារីរងគ្រោះមានឈ្មោះម. ល.ក​​.ណ. អាយុ១៦ឆ្នាំ ។

បន្ទាប់ពីសមត្ថកិច្ចបានសាកសួររួចមកជនសង្ស័យ និងបក្ខពួក២នាក់ទៀត ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុករំដួល ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន