ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១:៣០នាទីរំលងអធ្រាត្រថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ ត្រង់ចំណុចផ្លូវបេតុង ក្រុម ១៥ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុខ ម៉េង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) ទី២ឈ្មោះ ជ័យ សារី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក(ឃាត់ខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១ ទៀបភ្លឺ មានជនសង្ស័យទាំពីរនាក់ បានជិះម៉ូតូចេញពីមុខក្លឹបនាគមាស ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ខណៈមកដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញពួកគេមានការសង្ស័យ បានហៅត្រួតពិនិន្យរកឃើញវត្ថុតាងដែលពាក់ព័ន្ធបទល្មើស ទើបនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។

វត្ថុតាងដកហូតរួមមាន ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់ គ្មានស្លាកលេខ ដែកសំប៉ែតចុងស្រួចចំនួន១ កូនសោខ្សៀលេខ៨ចំនួន១។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងកងសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ