ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញថ្នាំញៀន១៤កញ្ចប់

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ ត្រួតពិនិត្យជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជិះម៉ូតូឆ្លងកាត់គោលដៅ ឆែកឆេរ រកឃើញថ្នាំញៀនម៉ាទឹកកកលាក់នៅក្នុងកញ្ចប់បារី ចំនួន១៣កញ្ចប់ថង់ តូច និង១កញ្ចប់ថង់ធំល្មម ។

ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារហេងលី ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ជនសង្ស័យទី១ មានឈ្មោះ សៀង គឹមសាន្ត ភេទប្រុស អាយុ២៩ មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ខេត្តព្រៃវែង ។ ជនសង្ស័យទី២ មានឈ្មោះ សូន្យ សុខុម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្ថុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឲ្យដឹងទៀត នៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺកំលាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកអធិការរងទទួលបន្ទុកចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខផ្សារហេងលី ដោយនៅម៉ោងកើតហេតុ មានជនសង្ស័យ២នាក់ខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេរ ពណ៍ឈាមជ្រូក គ្មានស្លាកលេខនិងអត់មានពាក់ពួកសុវត្ថិភាព ឃើញដូច្នេះកំលាំងបានផ្លុំកញ្ចែរ ឲ្យឈប់ដើម្បីសុំត្រួតពិនិត្យ និងឆែកឆេរ ក៏រកឃើញថ្នាំញៀនម៉ាទឹកកកលាក់នៅក្នុងកញ្ចប់បារី ដែលនៅនឹងខ្លួនរបស់ឈ្មោះ សៀង គឹមសាន្ត ចំនួន១៣កញ្ចប់តូច ដែលមានតំលៃសរសេរលើថង់មាន២ម៉ឺនរៀល និង៣ម៉ឺនរៀល និងមួយកញ្ចប់មួយទៀតធំល្មម តំលៃប្រហែល៥០ដុល្លារ ។

NKD-36x6_outline

ក្រោយពីឆែកឆេររកឃើញថ្នាំញៀនរួចមក ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕ ស តារា