ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានជាបន្តបន្ទាប់ដកហូតថ្នាំញៀន៦កញ្ចប់និងវត្ថុតាងមួយចំនួនទៀត

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំណុច ភូមិ០៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្នុងករណីបង្ក្រាបគ្រឿងញៀន។

លោកវរ:សេនីយ៍ឯកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះញ៉ាញ់ ស្រ៊ាន អាយុ១៨ឆ្នាំ និងទ២.ឈ្មោះ រឿង រាជ អាយុ១៨ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិឈើទាល ឃុំសំរោង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ពួកគេត្រូវបានឃាត់ខ្លួនបានកាលពីម៉ោងជិត៣រសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិ០៣ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់តូច ប្រភេទក្រាមពណ៌សថ្លា និងម៉ូតូចំនួន០១គ្រឿង។

ដោយឡែកមួយករណីផ្សេងទៀតសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ដែរ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិ០៣ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានដកហូតបាននូវវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៤ កញ្ចប់ធំល្មម តូច ប្រភេទក្រាមពណ៌សថ្លា និងម៉ូតូចំនួន០១គ្រឿង ម៉ាក wave គ្មានស្លាក​លេខ។

លោកវរ:សេនីយ៍ឯកបានបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួននេះមានឈ្មោះ សុខ ភ័ក្រ្ត អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិថ្មពេជ្រ ឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ សុខ តុលា អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក ទាំង២នាក់មានទីលំនៅភូមិថ្មពេជ្រ ឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័ងទាំង៤នាក់ខាងលើ​ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ