ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ២ នាក់ចូលលួចអាយផេតបានសម្រេច តែត្រូវម្ចាស់ដេញចាប់បានម្នាក់វាយទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះតាម ទាន់ដេញចាប់បានម្នាក់​វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ចំណែកបក្ខពួកម្នាក់ទៀតរត់ គេចខ្លួនបាត់ ខណៈដែលពួកគេធ្វើសកម្មភាពបន្លំលួចអាយផេត​គេដែលទុកនៅក្នុងមន្ទីរពេទ្យ ឯកជនមួយកន្លែងបានសម្រេចហើយព្យាយាមរត់គេចខ្លួន ។

​ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខមជ្ឈមណ្ឌលថែទាំរថយន្ត ខ្វីឃ្លីន តាមបណ្តោយផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទូលគោក ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យ២ នាក់ ធ្វើដំណើរដោយថ្មើរជើងបានចូលក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងហើយដោយឃើញអាយផេត ម្ចាស់គេទុកចោលនៅខាងក្នុងក៏ធ្វើសកម្មភាពលួចតែម្តង ។ បន្ទាប់ពីពួកគេលួចបានសម្រេចហើយ ក៏ព្យាយាមរត់គេចខ្លួន តែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ស្រែកឆោឡោឡើងដេញចាប់បានម្នាក់វាយសន្លប់ ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ចាត់ការតាមច្បាប់ ។ ចំណែកឯបក្ខម្នាក់ទៀតបានរត់គេច ខ្លួន​បាត់ស្រមោល។ ជនសង្ស័យមិនត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋានពិតប្រាកដនៅឡើយ ព្រោះសន្លប់ ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យឲ្យដឹង ខ្លួន ទើបនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីសាកសួរបន្ត ៕ ស ដារ៉ា

 

Sordara2 Sordara Sordara1